ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ បានជម្រុញអោយអាជ្ញាធរដែនដីត្រូវរួមគ្នាបន្តដោះស្រាយសំណូមពរតម្រូវការ និង សំណូមចាំបាច់ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា


កំពង់ឆ្នាំងៈ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង បានអោយអាជ្ញាធរដែនដី និង សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងស្រុករលាប្អៀរ ត្រូវសហការជាមួយមន្ទីរជំនាញ អនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនបន្តដោះស្រាយនូវសំណូមពរចាំបាច់ និង សំណូមពរតម្រូវការជូនប្រជាពលរដ្ឋក្នុងមូលទទួលខុសត្រូវរបស់ខ្លួនអោយបានទាន់ពេលវេលាមិនត្រូវទុកអោយបញ្ហាថ្មីមានការកកស្ទះលើបញ្ហាចាស់ឡើយ។

ឯកឧត្តម បានជម្រុញ បែបនេះ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ស្តីពីការទទួលព័ត៌មានសាធារណៈរបស់អាជ្ញាធរដែនដី និង ប្រជាពលរដ្ឋ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៣ នៅ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ស្រុក អភិបាលស្រុក មន្ទីរអង្គភាពជំនាញជុំវិញខេត្ត ប្រធាការិយាល័យជំនាញ អង្គភាពជុំវិញស្រុក អាជ្ញាធរដែនដី និង តំណាងប្រជាពលរដ្ឋមកពីគ្រប់ឃុំក្នុងស្រុករលាប្អៀរសរុបប្រមាណជាង១០០ នាក់ផងដែរ។

ឯកឧត្តម ឡុង ឈុនឡៃ និង ឯកឧត្តមស៊ុន សុវណ្ណារិទ្ធ ព្រមទាំងថ្នាក់នាំមន្ទីរជំនាញ និង អាជ្ញាធរស្រុកក៏បានបំភ្លឺនៅសំណូមពរនិងសំណួរ ដែលអាជ្ញាធរដែនដី និង តំណាងប្រជាពលរដ្ឋបានលើកឡើងក្នុងអង្គវេទិកាចំពោះសំណូមពរ និង សំណួរ ដែលនៅសេសសល់ឯកឧត្តមបានអោយអាជ្ញាធរដែនដីសហការជាមួយអង្គភាពជំនាញសុំយោបល់ថ្នាក់លើបន្តពិនិត្យដោះស្រាយស្របតាមនិតិវិធីច្បាប់ អោយទាន់ពេលវេលា។

មានប្រសាសន៍បិទអង្គវេទិកានាពេលនោះឯកឧត្តមឡុង ឈុនឡៃ បានថ្លែងបញ្ជាក់ថាៈ រាជរដ្ឋាភិបាល
កម្ពុជាដែលដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតែគិតគូរ ដោះស្រាយនូវសំណូម និង ជីវភាពរស់ នៅ របស់មន្រ្តីរាជការ កម្មករ កម្មការិនី និងប្រជាពលរដ្ឋ គ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាន៍និងនិន្នាការនយោបាយឡើយ។

ឯកឧត្តម ឡុង ឈុនឡៃ ក៏បានផ្តាំផ្ញើអោយអាជ្ញាធរដែនដីត្រូវសហការជាមួយសមត្ថកិច្ចគ្រប់លំដាប់
ថ្នាក់ត្រូវរក្សាអោយបានសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋអោយបានល្អក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន និង ប្រឆាំងដាច់ខាតពួកអគតិដែលចង់បំផ្លាញ សុខសន្តិភាពនៅកម្ពុជាបច្ចុប្បន្ន៕