ក្រសួងបរិស្ថានបានផ្តល់បណ្ណសរសើរប្រតិបត្តិមេត្រីភាពបរិស្ថានជូនដល់ក្រុមហ៊ុន ជីប ម៉ុង


(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានផ្តល់បណ្ណសរសើរប្រតិបត្តិមេត្រីភាពបរិស្ថានជូនដល់ក្រុមហ៊ុន ជីប ម៉ុង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីបានពិនិត្យឃើញថា ក្រុមហ៊ុននេះបានចូលរួមនិងប្រតិបត្តិកមេត្រីភាពបរិស្ថានល្អ និងបានគិតគូរខ្ពស់ពីបញ្ហាបរិស្ថាន នៅក្នុងសង្វាក់ផលិតកម្មរបស់ខ្លួន។

ពិធីប្រគល់បណ្ណសរសើរនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គនាយកដ្ឋាន ចំណេះដឹងនិងព័ត៌មានបរិស្ថាន និងតំណាងក្រុមហ៊ុន ជីប ម៉ុង ជាច្រើនរូបនៅទីតាំងក្រុមហ៊ុន ជីប ម៉ុង។

នេះជាការបង្ហាញការទទួលស្គាល់ និងលើកទឹកចិត្តចំពោះអ្នកប្រតិបត្តិមេត្រីភាពបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងកោតសរសើរចំពោះក្រុមហ៊ុន ជីប ម៉ុង ដែលបានអនុវត្តមេត្រីភាពបរិស្ថាន និងគោរពតាមបទដ្ឋាននៃបរិស្ថានក្នុងសង្វាក់ផលិតកម្មរបស់ខ្លួនបានល្អ និងបានប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗចុងក្រោយ ដែលបានចូលរួមក្នុងការពារបរិស្ថាន។ លោកបានលើកឡើងពីការចូលរួមរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងសកម្មភាពសម្អាតអនាម័យបរិស្ថានដោយបានដាក់ រថយន្តសម្អាតថ្នល់២គ្រឿងជាប្រចាំនៅរាជធានីភ្នំពេញ និងពីរគ្រឿងទៀតចល័តតាមខេត្តនានា ព្រមទាំងបានចូលរួមក្នុងការ ដាំដើមឈើ និងការដាក់ពង្រាយធុងសំរាមនៅតាមទីសាធារណៈនានា។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានអនុវត្តកម្មវិធីសាលាស្អាតផងដែរ។

ជាមួយគ្នានេះឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនបន្តអនុវត្តមេត្រីភាពបរិស្ថានឱ្យបានល្អកាន់តែខ្លាំង និងគិតគូរខ្ពស់ពីបរិស្ថានដោយស្នើឱ្យក្រុមហ៊ុនបន្តសិក្សារកបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត ដើម្បីបង្កើនការប្រតិបត្តិមេត្រីភាពបរិស្ថានក្នុងសង្វាកផលិតកម្ម ក៏ដូចជាធ្វើយ៉ាងណាផ្សាភ្ជាប់ការគោរពប្រតិបត្តិមេត្រីភាពបរិស្ថាន និងការប្រើប្រាស់របស់អតិថិជនរបស់ខ្លួន។
ឯកឧត្តមរដ្ឋលេខាក្រសួងបរិស្ថានក៏បានជំរុញឱ្យក្រុមហ៊ុនផ្សេងៗទៀតអនុវត្តមេត្រីភាពបរិស្ថានឱ្យបានល្អ ហើយក្រសួងបរិស្ថានរីករាយនឹងធ្វើការវាយតម្លៃ ហើយផ្តល់បណ្ណទទួលស្គាល់ និងបណ្ណសរសើរជូន។

តាមការឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា ការវាយតម្លៃមេត្រីភាពបរិស្ថានត្រូវបានកំណត់ចំពោះរូបវន្តបុគ្គល និងនីតិបុគ្គល។ ចំពោះក្រុមហ៊ុន ជីប ម៉ុង ដែលទទួលបាន បណ្ណសរសេរមេត្រីភាពបរិស្ថាននេះបានបំពេញតាមលក្ខណៈវិនិច្ឆ័យ និងសូចនាករចំនួន ៦ចំណុចសំខាន់ៗគឺ ១-មានចក្ខុវិស័យបរិស្ថាន ២-ហេដ្ឋារចនាសម្ពន្ធ័ ៣-ប្រតិបត្តិមេត្រីភាពបរិស្ថាន ៤-លំហបៃតង ៥-ការបញ្ជ្រាបចំណេះដឹងបរិស្ថាន ៦-ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តបរិស្ថាន។

នៅក្នុងក្របខណ្ឌនៃការលើកទឹកចិត្តចំពោះអ្នកប្រតិបត្តិមេត្រីភាពបរិស្ថាននេះដែរ ក្រសួងបរិស្ថាន នឹងរៀបចំកម្មវិធីផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថាន ដល់ប្រតិបត្តិករគំរូមេត្រីភាពបរិស្ថានឆ្នាំ ២០១៩ នៅទីស្តីការក្រសួងបរិស្ថានក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ ផងដែរ៕