អបអរសាទរ ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០


នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០ ដែលរៀបចំឡើងនៅវិទ្យាល័យហ៊ុនសែនស្ទឹងត្រែង និងមានការអញ្ជើញចូលរួមពី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គណៈអភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សជាច្រើននាក់។

ថ្លែងទៅកាន់លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស ក្នុងឱកាសថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ នេះ ឯកឧត្តម ម៉ុម សារឿន បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយទៅជាពលរដ្ឋល្អ មានចំណេះដឹង មានសិល្បធម៍ ក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម និងជាធនធានមនុស្សដ៏ល្អរបស់សង្គមជាតិ ឈានឆ្ពោះទៅក្លាយជាអ្នកបន្តវេនដឹកនាំ និងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចំរើន ហើយជាពិសេសត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដែលនាំឲ្យខូចអនាគតខ្លួនឯង និងបាត់បង់កិត្តិយសគ្រួសារ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនលោកគ្រូ អ្នកគ្រូ ចំនួន ៣០០នាក់ ក្នុងម្នាក់ទទួលបានថវិកា ២០.០០០រៀល ជូនសិស្សានុសិស្ស តាមវិទ្យាល័យ និងអនុវិទ្យាល័យចំនួន ២.០០០នាក់ ដោយក្នុងម្នាក់ៗទទួលបានសៀវភៅ ១ក្បាល និងប៉ិច ១ដើម៕