ព្រឹកថ្ងៃសុក្រ ៥កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៨:០០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ ដែលជាសមាជិកសមាជិកា គណៈកម្មាធិកាអចិន្ត្រៃយ៍ព្រឹទ្ធសភា និងឯកឧត្តម លោកជំទាវសមាជិកសមាជិកាព្រឹទ្ធសភា… បានអញ្ជើញគោរពវិញ្ញាណក្ខន្ធព្រះសព សម្ដេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ សម្ដេចព្រះសង្ឃនាយករងទី១ និងជាសម្តេចព្រះចៅអធិការវត្តសន្សំកុសល កាលពីវេលាម៉ោង១៥.៣០នាទីរសៀល ថ្ងៃអង្គារ ០២កើត ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ក្នុងព្រះជន្មាយុ ១០៦ព្រះវស្សា ដោយជរាពាធ ។
យើងខ្ញុំព្រះករុណា សូមចូលរួមរំលែកទុក្ខដោយសេចក្តីសោកស្តាយអាឡោះអាល័យជាទីបំផុតចំពោះការយាងទទួលព្រះអនិច្ចធម្មរបស់ សម្តេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ ដែលព្រះអង្គបានបូជាព្រះកាយក្នុងមួយព្រះជន្មរបស់ព្រះអង្គ ឧទ្ធិសដើម្បីព្រះពុទ្ធសាសនាបានគង់វង្ស និងចម្រើនរុងរឿងពុទ្ធបរិស័ទចូលរួមគោរពប្រតិបត្តិតាមគន្លងឱវាទ ហើយព្រះអង្គបានបន្សល់ទុកនូវស្នាព្រហស្តជាច្រើនឥតគណនាទាំងពុទ្ធចក្រ និងអាណាចក្រ។
យើងខ្ញុំព្រះករុណា សូមឧទ្ទិសថ្វាយព្រះរាជកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់ សម្តេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ បានយាងទៅសោយសុខក្នុងឋានព្រះបរមសុខជានិច្ចនិរន្តរ៍តរៀងទៅ។
សម្តេចភក្តី សាយ ឈុំ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា គោរពវិញ្ញណក្ខន្ធព្រះសព សម្ដេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ
