(កណ្ដាល)៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានក្រើនរម្លឹកថា អំពើដែលក្រុមឧទ្ទាមក្រៅច្បាប់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកកំពុងតែធ្វើនេះ គឺជាការប៉ុនប៉ងបំផ្លាញសុខសន្តិភាព ស្ថេរភាពនយោបាយ ក្នុងបំណងញុះញង់ឲ្យមានចលនាផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាអំពើរដ្ឋប្រហារមួយ ដែលយើងទាំងអស់គ្នាត្រូវតែចូលរួមទប់ស្កាត់ និងប្រឆាំងដាច់ខាត។
ស្ថិតនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗនៅកម្ពុជា នៅសាលាខេត្តកណ្តាល ជូនដល់មន្ត្រីរាជការសាលាខេត្ត មន្ត្រីតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្តជាង ៧០០នាក់នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី បានប្រមាថមាក់ងាយព្រះមហាក្សត្រជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត នៃជាតិយើង និងទាមទារឲ្យព្រះអង្គដាក់រាជ្យ ទាំងនេះគឺអំពើរំលោភច្បាប់រដ្ឋធម្មនុញ្ញ ហើយបានអំពាវនាវម្តងហើយម្តងទៀតឲ្យកងទ័ពជាតិផ្ដាច់ខ្លួន ដើម្បីប្រឆាំងរាជរដ្ឋាភិបាល ព្រមទាំងញុះញង់ប្រជាពលរដ្ឋឲ្យបះបោរផ្តួលរំលំរាជរដ្ឋាភិបាល។
ដើម្បីទប់ស្កាត់នូវឧបាយកលដ៏អាក្រក់នេះ ឯកឧត្តមបានស្នើឲ្យមន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់ចុះធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងចុះផ្ទាល់ជួបជាមួយប្រជាពលរដ្ឋធ្វើការ ពន្យល់ឲ្យពួកគាត់បានយល់ ដើម្បីកុំឲ្យពួកគាត់ទៅចូលរួមក្នុងសកម្មភាពណាមួយនៃផែនការនេះ ហើយជំនួសមកវិញដោយការចូលរួម អបអរសាទរពិធីបុណ្យឯករាជ្យជាតិការចូលរួម សប្បាយរីករាយក្នុងព្រះរាជ ពីធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នាំគ្នាចូលរួមពិសារអំបុកឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី៩ ខែវិច្ឆិកា ដើម្បីរួបរួមគ្នាថែជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់មូលដ្ឋានរៀងៗខ្លួន៕