លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូ គោរពវិញ្ញណក្ខន្ធព្រះសព សម្ដេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួង គោរពវិញ្ញណក្ខន្ធព្រះសព សម្ដេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ សម្តេចព្រះសង្ឃនាយករងទី១ ព្រះប្រធានថេរសភាពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តសន្សំកុសល នារសៀលថ្ងៃសៅរ៍ ៦កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវត្តសន្សំកុសល រាជធានីភ្នំពេញ ។

ឆ្លៀតក្នុងឱកាសនោះ ក្នុងនាម ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវក៏បានចូលរួមរំលែកទុក្ខដោយសេចក្តីសោកស្តាយ អាឡោះអាល័យជាទីបំផុតចំពោះការយាងទទួលព្រះអនិច្ចធម្មរបស់ សម្តេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ ដែលព្រះអង្គបានបូជាព្រះកាយក្នុងមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីចូលរួមចំណែកថែរក្សាព្រះពុទ្ធសាសនាឲ្យបានគង់វង្ស និងចម្រើនរុងរឿងពុទ្ធបរិស័ទឲ្យចូលរួមគោរពប្រតិបត្តិតាមគន្លងឱវាទរបស់ព្រះពុទ្ធ ហើយព្រះអង្គបានបន្សល់ទុកនូវស្នាព្រហស្តជាច្រើនឥតគណនាទាំងក្នុងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ។

លោកជំទាវក៏បានបួងសួង និងឧទ្ទិសថ្វាយព្រះរាជកុសលជូនដល់ដួងព្រះវិញ្ញាណក្ខន្ធរបស់ សម្តេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ បានយាងទៅកាន់សោយសុខក្នុងឋានព្រះបរមសុខជានិច្ចនិរន្តរ៍តរៀងទៅ កុំបីឃ្លៀងឃ្លាតឡើយ៕