ឯកឧត្តម សាយ សំអាល់៖ កត្តាសុខសន្តិភាព និងសេដ្ឋកិច្ចកម្ពុជារីកចម្រើនជំរុញឱ្យប្រជាជនកម្ពុជា គិតគូរកាន់តែខ្លាំងពីបញ្ហាបរិស្ថានដើម្បីកម្ពុជាអភិវឌ្ឍហើយស្អាត និងបៃតង


(ភ្នំពេញ)៖ ក្នុងភាពជាម្ចាស់នៃការវាយតម្លៃ និងផ្តល់ការកោតសរសើរចំពោះរូបវន្តបុគ្គល និងនីតិបុគ្គលដែលបានប្រតិបត្តិមេត្រីភាពបរិស្ថានបានល្អ ដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ កាលពីល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងបរិស្ថាន បានរៀបចំកម្មវិធីលើកទឹកចិត្តមេត្រីភាពបរិស្ថាន ក្រោមប្រធានបទ «រួមគ្នាដើម្បីមេត្រីភាពបរិសា្ថន» ដោយផ្តល់បណ្ណសរសើរលើកទឹកចិត្តជូនដល់រូបវ័ន្តបុគ្គល និងនីតិបុគ្គចំនួន ១២ ដែលបានចូលរួមប្រតិបត្តិមេត្រីបរិស្ថានបានល្អ។

ពិធីផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថាននេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងបរិស្ថាន និងភាគី ពាក់ព័ន្ធជាច្រើនទៀត។

រូបវន្តបុគ្គល និងនីតិបុគ្គលដែលទទួលបានបណ្ណសរសើរពីក្រសួងបរិស្ថានរួមមាន៖ ក្រុមហ៊ុនអីអនម៉ល បុរី ប៉េងហួត ក្រុមហ៊ុនកាហ្វេប្រោន ក្រុមហ៊ុន មឺឡុង រូ លឹម វណ្ណី សិប្បកម្មកែច្នៃសំណល់ប្លាស្ទិកនិងស្នោរ ក្រុមការងារស្ម័គ្រចិត្ត Go Green ក្រុមការងារស្ម័គ្រចិត្តសូរ្យ ក្រុមហ៊ុនគោព្រៃ រូបវន្តបុគ្គលដែលទទួលបានបណ្ណសរសើរ រួមមានលោក សោមករណី លោក ឡា ពិសិដ្ឋ លោក សា ឌីណា និងកញ្ញា អាត សុធារី ដែលបានចូលរួមអនុវត្តមេត្រីបរិស្ថាន និងបានចូលរួមកែប្រែរិយាបថសាធារណជនអំពីបរិស្ថាន។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកទឹកចិត្តដល់ប្រតិបត្តិករ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីសកម្មភាពប្រតិបត្តិមេត្រីភាពបរិស្ថាន។ លោករដ្ឋមន្រ្តី មានប្រសាសន៍ថា កត្តាសុខសន្តិភាព កំណើនសេដ្ឋកិច្ចជាប់ៗគ្នាក្នុងរយៈពេលជាង២០ឆ្នាំ និងការអភិវឌ្ឍន៍ប្រទេស បានជំរុញឱ្យប្រជាជនកម្ពុជា មានការគិតគូរខ្ពស់ជាងមុន ហើយជាពិសេសការគូរពីការរស់នៅឱ្យបានល្អជាងមុន ហើយបានផ្លាស់ប្តូរទម្លាប់ប្រែក្លាយសង្គមជាតិ ងាកមករកការគិតលើការថែរក្សាអនាម័យ លើសុខភាព គឺជាពិសេសចំពោះបរិស្ថាននៅកម្ពុជា។

ឯកឧត្តម សាយ សំអាល់ បានជំរុញឱ្យមានការគិតគូពីការធ្វើអនាម័យនៅតាមគេហដ្ឋាន តាមទីសាធារណឱ្យបានខ្ជាប់ខ្ជួន ចូលរួមប្រើប្រាស់សម្ភារដែលផលិតបានក្នុងស្រុកដែលអាចជួយកាត់បន្ថយបានការនាំចូល និងកាត់បន្ថយការបំពុលបរិស្ថាន ដូចជាការប្រើប្រាស់វត្ថុប្លាស្ទិក ឬចំណីអាហារដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព។

ឯកឧត្តម បានលើកទឹកចិត្ត ឱ្យមានចូលរួមប្រើប្រាស់នូវផលិតផលដែលមិនប៉ះពាល់ និងប៉ះពាល់តិចតួចដល់បរិស្ថាន។ ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណ និងអបអរសាទរផងដែរដល់ប្រជាពលរដ្ឋ ជាពិសេសដល់ប្រតិបត្តិករ ដែលបានចូលរួមបង្កើតឱ្យការផ្សព្វផ្សាយការអប់រំបរិស្ថាន តាមរយៈស្នាដៃ និងសកម្មភាពប្រតិបត្តិមេត្រីភាពល្អនាពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបង្ហាញនូវសុទិដ្ឋិនិយមថា ការចូលរួមពីប្រតិបត្តិករ និងអ្នកស្ម័គ្រចិត្ត ដើម្បីបរិស្ថាននៅថ្ងៃនេះ នឹងក្លាយជាចលនាកសាងវប្បធម៌បរិស្ថានថ្មីសម្រាប់កម្ពុជាទៅអនាគត។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន រៀបចំកម្មវិធីលើកទឹកចិត្តមេត្រីភាពបរិស្ថាន ក្រោមប្រធានបទ «រួមគ្នាដើម្បីមេត្រីភាពបរិស្ថាន» ក្នុងគោលបំណង ទី១) លើកទឹកចិត្តដល់ប្រតិបត្តិករ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីសកម្មភាពប្រតិបត្តិមេត្រីភាព បរិស្ថានរបស់ប្រតិបត្តិករគំរូសម្រាប់ឆ្នាំ២០១៩នេះ ទី២) ការចែករំលែកបទពិសោធប្រតិបត្តិមេត្រីភាពបរិស្ថានរបស់ប្រតិបត្តិករគំរូដល់រូបវន្តបុគ្គល និងនិតិបុគ្គលផ្សេងៗទៀតបានយល់ដឹងកាន់តែច្បាស់ពី សារៈសំខាន់នៃសកម្មភាពចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថាន ទី៣) បញ្រ្ជាបការយល់ដឹងពីការប្រតិបត្តិមេត្រីភាពបរិស្ថានដល់យុវជន ប្រជាសហគមន៍ សាធារណជន ឱ្យចូលរួមស្រលាញ់ធម្មជាតិ និងចូលរួមគាំពារបរិស្ថានឱ្យបានល្អ និងទី៤) ជំរុញការផ្សព្វផ្សាយបន្តដល់ សាធារណជនដ៍ទៃទៀតពីសកម្មភាព ប្រតិបត្តិមេត្រីភាពបរិស្ថាន ដើម្បី ទ្រទ្រង់ដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅ ដោយចីរភាព។

កម្មវិធីលើកទឹកចិត្តមេត្រីភាពបរិស្ថាន បានប្រព្រឹត្តទៅដោយមានការសម្តែងសកម្មភាព ការបង្ហាញនិងចែករំលែកបទពិសោធពីប្រតិបត្តិករ រូបវន្តបុគ្គល និងនីតិបុគ្គលក្នុងវិស័យឯកជន ពីការងារជួយដល់មេត្រីភាពបរិស្ថាននៅកម្ពុជានាពេលកន្លងមក។ ជាមួយគ្នានេះក្រសួងបរិស្ថានបានលើកទឹកចិត្តមេត្រីភាពបរិស្ថាន តាមរយៈការផ្តល់ប័ណ្ណសរសើរមេត្រីភាពបរិស្ថានដល់រូបវន្តបុគ្គល និងនីតិបុគ្គល ដែលបានចូលរួមធ្វើសកម្មភាពមេត្រីភាពបរិស្ថាន មានជាអាទិ៍៖ ការធ្វើអនាម័យ ការទុកដាក់សំណល់ ការដាំដើមឈើ បង្កើតផ្ទៃបៃតង ការសន្សំសំចៃធនធានទឹក និងថាមពល ការបង្កើតបច្ចេកវិទ្យាបៃតងជាដើម។ល។ផងដែរ៕