រដ្ឋបាលខេត្តស្ទឹងត្រែង បើកព្រឹត្តិការណ៍ប្រណាំងទូក «ង» ថ្នាក់ខេត្តលើកទី៣


នៅព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបើកកម្មវិធីប្រណាំងទូកង ជាលើកទី៣ នៅខេត្តស្ទឹងត្រែង ដើម្បីអបអរសាទរក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ។

ពិធីប្រណាំងទូក«ង» ជាលើកទី៣ នៅខេត្តស្ទឹងត្រែង មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយប្រព្រឹត្តទៅនៅលើផ្ទៃទឹកទន្លេសេកុង ទីរួមក្រុងស្ទឹងត្រែង ក្រោមវត្តមានអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត ភ្ញៀវជាតិ-អន្តរជាតិ សិស្សនិស្សិត និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដោយនៅក្នុងពិធីនេះ គឺមានទូក«ង» ចូលរួមប្រណាំងចំនួន១៦ទូក មកពីបណ្តាក្រុង ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត។

សូមបញ្ជាក់ថា ពិធីប្រណាំងទូក«ង» ថ្នាក់ខេត្ត នៅខេត្តស្ទឹងត្រែង ត្រូវបានរៀបចំបានចំនួនមួយលើករួចមកហើយកាលពីឆ្នាំ២០១៨ ក្រោមការផ្តួចផ្តើមពី ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងហើយត្រូវបានបងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងចាត់ទុកថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់ខេត្ត ព្រោះកន្លងមកពុំមានព្រឹត្តិការណ៍ប្រណាំងទូក«ង» ថ្នាក់ខេត្តធំបែបនោះឡើយ៕