សម្ដេចតេជោ​ ហ៊ុន​ សែន​ អញ្ជេីញចូលរួមបើកកិច្ចប្រជុំកំពូល(ពេញអង្គ)​ អាស៊ានលើកទី៣៥


នៅល្ងាចថ្ងៃទី០២​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​នេះ​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជេីញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូល(ពេញអង្គ) អាស៊ានលើកទី៣៥(35th ASEAN Summit Plenary) ដែលបានធ្វេីឡេីងនៅមជ្ឈមណ្ឌលពិព័ណ៌ និងសន្និបាតអ៊ីមផែក ជាយរាជធានីបាងកក ក្នុងខេត្តនុន ថាក់បូរី ព្រះរាជាណាចក្រថៃ។

នៅក្នុងពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូល(ពេញអង្គ) អាស៊ានលើកទី៣៥​នាពេលនេះគឺមានការយាងនិងអញ្ជេីញចូលរួមពីប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន​ រួមមានព្រះចៅស៊ុលតង់ សម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ -ប្រមុខ រដ្ឋា ភិ បាលនៃប្រទេសអាស៊ាន រួមទាំងឯកឧត្តមអគ្គលេខាធិការអាស៊ាន​ដែលត្រូវបានទទួលការស្វាគមន៍ យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីសណាក់​ ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥។

នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលពេញអង្គរបស់ខ្លួន ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលទាំងអស់ បានកត់សំគាល់ដោយការពេញចិត្តចំពោះការងារដែលបានបំពេញក្នុងការអនុវត្តសេចក្តីប្រកាសចក្ខុវិស័យ របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីភាពជា ដៃគូសម្រាប់ចីរភាព។ ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានកត់សំគាល់សារជាថ្មី អំពីគោលបំណង ក្នុងការឆ្ពោះទៅសម្រេចបានអាស៊ានប្រកបដោយចីរភាព តាម រយ:ការបង្កើនសន្តិសុខប្រកបដោយចីរភាព ការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់អាស៊ានប្រកបដោយភាពរលូន ដែលភ្ជាប់អាស៊ានទៅកាន់ពិភពលោកនិងបន្តឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីបង្កើនតម្លៃយុទ្ធសាស្រ្តរបស់អាស៊ាន និង នាំមកនូវស្ថិរភាព និងវិបុលភាពក្នុងតំបន់។

ក្នុងកិច្ចប្រជុំកំពូលពេញអង្គនេះដែរ មេដឹកនាំទាំងអស់ បានលើកទឹកចិត្តឲ្យមានការប្រើប្រាស់យ៉ាងពេញលេញ នូវបច្ចេកវិទ្យាទំនើប ដែលជាលទ្ធផលនៃបដិវត្តន៍ឧស្សាហកម្មទី៤ ដើម្បីបង្កើនការប្រកួតប្រជែងរបស់អាស៊ាន ក្នុងការដោះស្រាយការផ្លាស់ប្តូរដែលកើនឡើងជាលំដាប់ និងបញ្ហាស្មុគស្មាញនានាក្នុងតំបន់ និងពិភពលោក។

មេដឹកនាំអាស៊ាន បានសំដែងនូវសេចក្តីសោមនស្សរីករាយ ដោយកត់សំគាល់ឃើញនូវវឌ្ឍនភាពប្រកបដោយចីរភាព ក្នុងការអនុវត្តផែនការលម្អិត នៃសហគមន៍នយោបាយ-សន្តិសុខអាស៊ាន ឆ្នាំ២០២៥ និងបានលើកទឹកចិត្តដល់អង្គភាពនៃវិស័យពាក់ព័ន្ធនានា ឲ្យបន្តកិច្ចការរបស់ខ្លួន ក្នុងការដោះស្រាយ បន្ទាត់សកម្មភាពដែលនៅសេសសល់ ខណ:ពេលរក្សាសន្ទុះក្នុងការចាត់វិធានការបន្ថែមទៀត ចំពោះបន្ទាត់សកម្មភាពដែលបានអនុវត្តរួចហើយ។ មេដឹកនាំអាស៊ាន ក៏បានទន្ទឹងរង់ចាំ នូវការត្រួតពិនិត្យឡើងវិញពាក់កណ្តាល អាណត្តិ នៃផែនការលម្អិតខាងលើ ដែលគ្រោងនឹងចាប់ផ្តើម នៅឆ្នាំ២០២០។

មេដឹកនាំអាស៊ានក៏បានបញ្ជាក់ជាថ្មីនូវសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍ (TAC)ជាក្រមប្រតិបត្តិដ៏សំខាន់មួយ ក្នុងការគ្រប់គ្រងទំនាក់ទំនងអន្តររដ្ឋនៅក្នុងតំបន់ និងជាមូលដ្ឋានគ្រឹ:ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ពិសេសទៅទៀតនោះ មេដឹកនាំអាស៊ាន បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បន្ថែមទៀត នូវគោលការណ៍នានាដូចមានចែងក្នុង TAC ឲ្យកាន់តែទូលំទូលាយនៅក្នុងតំបន់ និងបានសង្កត់ធ្ងន់អំពីសារ:សំខាន់ នៃរដ្ឋជាភាគីទាំងអស់ (High Contrac ting Parties) ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញានេះ។

មេដឹកនាំអាស៊ាន ក៏បានស្វាគមន៍ ចំពោះការចូលជាសមាជិក TAC របស់ប្រទេសប៉េរ៉ូ បារ៉ែន និងអាល្លឺម៉ង់នៅឆ្នាំ២០១៩នេះ ហើយទន្ទឹងរង់ចាំការចូលជាផ្លូវការរបស់អាហ្រ្វិកខាងត្បូង។ មេដឹកនាំអាស៊ាន ក៏បានកត់សំគាល់ ពី ការបំពេញដោយជោគជ័យ នូវបេសកកម្មស្វែងរកការពិតរបស់ សហគមន៍នយោបាយ-សន្តិសុខ អាស៊ាន នៅប្រទេសទីម័រឡេស្តេ កាលពីថ្ងៃទី៤-៦ ខែកញ្ញា ឆ្នាំ២០១៩ ហើយលើកទឹកចិត្តឲ្យ សសរស្តម្ភ នៃសហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គម-វប្បធម៌អាស៊ាន ជំរុញឲ្យមានបេសកកម្ម ស្វែងរកការពិតពីសហគមន៍របស់ខ្លួនឲ្យបានឆាប់រហ័ស។ យើងអរគុណចំពោះឆន្ទ:នយោបាយ ដ៏រឹងមាំ របស់ទីម័រឡេស្តេ ក្នុងការចូលជាសមាជិកអាស៊ាន ហើយយើងសូមបញ្ជាក់ពីការប្តេជ្ញាចិត្តថ្មីក្នុងការគាំទ្រការអភិ វឌ្ឍទីម័រឡេស្តេ តាមរយ:ជំនួយកសាងសមត្ថភាពទាំងក្នុងក្របខណ្ឌទ្វេភាគី និងតំបន់។

មេដឹកនាំអាស៊ាន ក៏បានទទួលស្គាល់ការជឿនលឿនជាលំដាប់និងប្រភេទនៃការគំរាមកំហែងឆ្លងដែន តាមប្រព័ន្ធអ៉ិនធើណែត ក្នុងការធានាឲ្យបាននូវលំហរអ៉ិនធើណែតមួយ ប្រកបដោយភាព បើកចំហ​ សុវត្តិភាព ស្ថិរភាព អាចប្រើប្រាស់បាន និងប្រកបដោយភាពធន់​ រឹងមាំដើម្បីគាំទ្រ ដល់សេដ្ឋកិច្ច ឌីជីថលអាស៊ាន។​ ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ានដទៃទៀតដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បាន ថ្លែងទៅកាន់កិច្ចប្រជុំកំពូលពេញអង្គអាស៊ានយ៉ាងដូច្នេះថា អាស៊ាននៅមានសក្តានុពលច្រើន ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំ តាមរយ:ការជំរុញពាណិជ្ជកម្មផ្ទៃក្នុងសំដៅ បង្កើនខ្សែសង្វាក់ផលិតកម្មតំបន់ និងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច។ ដើម្បីគោលដៅនេះ អាស៊ាន ចាំបាច់ត្រូវផ្តោតអាទិភាពទៅលើការបន្តដោះស្រាយបញ្ហារបាំងមិនមែនពន្ធ និងការបង្កើនកិច្ចប្រឹង ប្រែងសម្រួលពាណិជ្ជកម្ម ដើម្បីសម្រេចបាននូវគោលដៅសំខាន់ពីរ គឺការកាត់បន្ថយចំណាយប្រតិបត្តិការពាណិជ្ជកម្ម ១០ភាគរយ នៅឆ្នាំ២០២០ និងការបង្កើនពាណិជ្ជកម្មអាស៊ានទ្វេដងនៅឆ្នាំ ២០២៥៕