មន្ត្រីរាជការនៃក្រសួងបរិស្ថានចាប់ពីតួនាទីជាអនុរដ្ឋលេខាធិការរហូតដល់មន្ត្រីឧទ្យានុរក្សចំនួន ១៧៥ រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិនិងប្រជាជនកម្ពុជាក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិត្រូវបានបំពាក់មេដាយជូនដើម្បីជាការដឹងគុណចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញ ការងារ។ ពិធីបំពាក់មេដាយប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថានក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្ថិតក្នុងក្របខណ្ឌសន្និបាតបូកសរុបសមិទ្ធផលការងារបរិស្ថានឆ្នាំ ២០១៩ និងទិសដៅការងារឆ្នាំ ២០២០។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ បានមានប្រសាសន៍កោតសរសើរចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងបរិស្ថានគ្រប់លំដាប់ថ្នាក់ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត កម្លាំង បញ្ញាបំពេញការងារបម្រើជាតិ និងប្រជាជនកម្ពុជាក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិ។ ការលះបង់ និងកិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវតែទទួលបាននូវការដឹងគុណ និងតបស្នងចំពោះសមិទ្ធផលនានាដែល មន្ត្រីទាំងអស់សម្រេចបាន។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖«នេះជាកិត្តិយសដែលបងប្អូនត្រូវតែទទួលបាន ហើយមេដាយដែលបងប្អូនទទួលបាននេះគឺជាការទទួលស្គាល់របស់រាជរដ្ឋាភិបាលចំពោះការ លះបង់ និងព្យាយាមបំពេញការងាររបស់បងប្អូនមន្ត្រីរាជការក្នុងបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ។
ឯកឧត្តម សាយ សំអាល់ បានលើកឡើងថាអ្វីដែលបងប្អូនមន្ត្រីរាជការទាំងអស់បានខិតខំប្រឹង ប្រែងបំពេញជាង ២៥ ឆ្នាំមកនេះលើវិស័យបរិស្ថានបានទទួលលទ្ធផល ហើយនឹងបន្តវិវឌ្ឍទៅមុខតទៅ ទៀត ហើយបងប្អូនប្រជាពលរដ្ឋខ្មែរចាប់ផ្តើមទទួលយកនូវអ្វីដែលយើងបានគិតគូរ និងគូសវាសដើម្បី គុណភាពបរិស្ថាន និងនិរន្តរភាពបរិស្ថានត្រូវបានធានា។ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថាជាមួយ កត្តាសុខសន្តិភាព និងកំណើនសេដ្ឋកិច្ចរង្វង់ ៧%ក្នុងរយៈពេល ២០ ឆ្នាំជាប់គ្នានេះបានធ្វើឱ្យជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន ហើយកម្ពុជាបានចាកចេញពីប្រទេសក្រីក្រមកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយនឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ហើយកម្ពុជាចាំបាច់ត្រូវគិតគូរ និងគូសវាសគោលនយោបាយយុទ្ធសាស្ត្រផ្សេងៗដើម្បីសម្របខ្លួននឹងការរីកចម្រើននេះ សំដៅធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍ ហើយប្រជាពលរដ្ឋជាអ្នកបរិស្ថាន ប្រទេសជាតិមានអនាម័យបរិស្ថានស្អាត និងបៃតង។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាននឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ ២០១៩ និងលើកទិសដៅការងារឆ្នាំ ២០២០ របស់ខ្លួនដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ និងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។