សម្តេចតេជោ ហ៊ុន សែន ស្នើអាស៊ាន និងអង្គការសហប្រជាជាតិ រួមគ្នាទប់ស្កាត់សកម្មភាពភេរវកម្ម


(បាងកក, ថៃ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យអាស៊ាន និងអង្គការសហប្រជាជាតិ បន្តរួមគ្នាខិតខំទប់ស្កាត់សកម្មភាពភេរវកម្មអន្តរជាតិ ដោយការផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានចាំបាច់នានារវាងអាស៊ាន និងអង្គការសហប្រជាជាតិ។

សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ានអង្គការ-សហប្រជាជាតិលើកទី១០ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងប្រទេសថៃ។នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់ប្រចាំឆ្នាំនេះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន និងអគ្គលេខាធិការអង្គការសហប្រជាជាតិ បានសំដែងការស្វាគមន៍ចំពោះវឌ្ឍនភាពដ៏ល្អប្រសើរ ក្នុងការអនុវត្តផែនការសកម្មភាពអាស៊ាន-អង្គការសហប្រជាជាតិឆ្នាំ២០១៦-២០២០ ក្នុងស្មារតីពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ ឱ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។

មេដឹកនាំអាស៊ាន-អង្គការសហប្រជាជាតិ បានចាត់ទុកថា អាស៊ាន និងអង្គការសហប្រជាជាតិ ត្រូវតែបន្ត និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត រួមទាំងពង្រឹងទំនាក់តំនងរវាងលេខាធិការដ្ឋានអាស៊ាន និងលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ដើម្បីពិនិត្យមើលនូវការអនុវត្ត សកម្មភាពបំពេញបន្ថែមទៅវិញទៅមក ដែលអាចគាំទ្រដល់ការអនុវត្តផែនការកសាងសហគមន៍អាស៊ានឆ្នាំ២០២៥ និងរបៀបវារ:ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

មេដឹកនាំអាស៊ាន និងអង្គការសហប្រជាជាតិ បានកត់សម្គាល់ថា អង្គការតំបន់ និងពិភពលោកទាំងពីរនេះ គួរខិតខំជំរុញអនុវត្តឱ្យបានពេញលេញ និងប្រកបដោយ ប្រសិទ្ធភាព នូវផែនការសកម្មភាពស្តីពីបរិស្ថាន និងការបម្រែបម្រួលអាកាសធាតុ ២០១៧-២០២០។

ដូចនឹងបណ្តាមេដឹកនាំអាស៊ានផ្សេងទៀតដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំនោះផងដែរ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថា កម្ពុជានិងប្រទេសអាស៊ានទាំងអស់ នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពជាមួយអង្គការសហប្រជាជាតិ និងទីភ្នាក់ងារនានារបស់អង្កការសហប្រជាជាតិ ដើម្បីជំរុញអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ឱ្យបានពេញលេញ និងប្រកបដោយ ប្រសិទ្ធភាពខ្ពស់។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើអាស៊ាន និងអង្កការសហប្រជាជាតិ បន្តខិតខំប្រឹងប្រែងរួមគ្នាថែមទៀត ក្នុងការទប់ស្កាត់សកម្មភាពភេរវកម្មអន្តរជាតិ តាមរយ:ការផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានជំនាញចាំបាច់ ដែលមន្រ្តីអង្កការសហប្រជាជាតិអាចធ្វើបានជាមួយអាស៊ាន។

បន្ទាប់ពីបានពិភាក្សាយ៉ាងផុសផុលរួចមក មេដឹកនាំអាស៊ាន និងអង្គការសហប្រជាជាតិ បានឈានទៅចេញផ្សាយនូវសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូលអាស៊ាន និងអង្គការសហប្រជាជាតិលើកទី១០ និងបានធ្វើការកត់សម្គាល់ផែនទីចង្អុលផ្លូវ សម្រាប់ការបំពេញបន្ថែមឆ្នាំ២០២០-២០២៥៕

 

Advertising