បច្ច័យជាង ១៣៣លានរៀល ត្រូវបានប្រគេនជូនវត្តចំនួន២ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង


នៅថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩៖ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ គង់ សំអាត ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ អាជីវករ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមដង្ហែអង្គកឋិនទានសាមគ្គី វេប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពទ្ធសីមា វត្តបុព្វតាយារាម(ហៅវត្តច្រប់) ស្ថិតក្នុងឃុំក្បាលរមាស និងវត្តជ័យមង្គល(ហៅវត្តកំភុន) ស្ថិតក្នុងឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ពិធីបុណ្យកឋិនទានសាមគ្គី ដែលបានប្រារព្ធធ្វើឡើងនាថ្ងៃទី៣-៤ ខែតុលា ឆ្នាំ២០១៩ ក្រោមការផ្តួចផ្តើមឡើងដោយ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ គង់ សំអាត ដើម្បីប្រមូលបច្ច័យយកមកកសាងសមិទ្ធផលនានាក្នុងទីអារាម។ បច្ច័យបានពីកឋិនទានសាមគ្គីនេះសរុបចំនួន ១៣៣.៥៨៨.៩០០រៀល ក្នុងនោះ បច្ច័យចំនួន ៨៣.២០០.០០០រៀល ប្រគេនជូនវត្តបុព្វតាយារាម(ហៅវត្តច្រប់) និងបច្ច័យចំនួន ៥០.៣៨៨.៩០០រៀល ប្រគេនជូនវត្តជ័យមង្គល(ហៅវត្តកំភុន)។

ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញពិនិត្យមើលសមិទ្ធិផលនានានៅ ក្នុងវត្តព្រមទាំងសម្តែងការកោតសរសើរដល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងក៏ដូចជាពុទ្ធបរិស័ទ្ធចំណុះជើងវត្តទាំងពីរដែលបានចូលរួមជាកម្លាំងមហាសាមគ្គីក្នុងអង្គកឋិនទាននេះ ព្រមទាំងបានចូលជាធនធានថវិការតាមកម្លាំងសទ្ធាជ្រះថ្លាសម្រាប់យកមកកសាង សមិទ្ធផលបន្ថែមនៅក្នុងវត្តទាំងពីរនេះឲ្យមានភាពរីកចំរើន៕