ទីបំផុត នាយករដ្ឋមន្រ្តីថៃ ប្រកាសមិនអនុញ្ញាតឱ្យ សម រង្ស៉ី ជាន់ទឹកដីខ្លួន ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាឡើយ


(បាងកក, ថៃ)៖ នាយករដ្ឋមន្ដ្រីរបស់ប្រទេសថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នៅថ្ងៃនេះ បានចេញមកបញ្ជាក់ពីជំហររដ្ឋាភិបាលរបស់ខ្លួន តបនឹងរាជរដ្ឋាភិបាលកម្ពុជា ដោយលោកអះអាងថា សម រង្ស៉ី នឹងមិនត្រូវអនុញ្ញាតឲ្យជាន់ទឹកដីថៃ ព្រមទាំងធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជានោះឡើយ ក្នុងនាមជាសមាជិកអាស៊ានដូចគ្នា។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

នាយករដ្ឋមន្ដ្រី លោកប្រាយុទ្ធ ក្នុងនាមជាប្រធានផ្លាស់វេន នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ បានបង្ហាញពីទំនាក់ទំនងយ៉ាងល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាសមាជិកអាស៊ានដូចគ្នា ដោយលោកសង្កត់ធ្ងន់ មិនលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជានោះឡើយ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រុងបាងកក នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា ត្រូវបានសារព័ត៌មានរបស់អាមេរិក Reuters ដកស្រង់សំដីបញ្ជាក់យ៉ាង ដូច្នេះថា «យោងតាមកាតព្វកិច្ចរបស់យើងចំពោះអាស៊ាន យើងនឹងមិនអនុញ្ញាតឱ្យមានការលូកដៃចូលកិច្ចការផ្ទៃក្នុងនៃប្រទេសជាសមាជិកនោះទេ ហើយក៏នឹងមិនអនុញ្ញាតឱ្យក្រុមមនុស្សប្រឆាំង រដ្ឋាភិបាលប្រើប្រាស់ទឹកដីថៃ ក្នុងចេតនានយោបាយនោះដែរ។ ខ្ញុំបានចេញបញ្ជាពាក់ព័ន្ធនឹងបញ្ហានេះ ដូចច្នេះគាត់ (លោក សម រង្ស៊ី) ប្រហែលជាមិនអាចចូលបានឡើយ»។

កាលពីថ្ងៃទី៥ ខែវិច្ឆិកា មេទ័ពកំពូលរបស់ប្រទេសថៃ ដែលឈរជើង និងគ្រប់គ្រងកម្លាំងទាំងអស់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា កងកម្លាំងរបស់ថៃ ក្រោមការបញ្ជារបស់រាជរដ្ឋាភិបាល នឹងធ្វើការទប់ស្កាត់រាល់ដំណើររបស់ទណ្ឌិត សម រង្ស៉ី ព្រមទាំងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ និងបក្ខពួក ហើយជាពិសេសនោះ កងកម្លាំងរបស់ថៃ បានចេញបទបញ្ជារួចហើយ មិនអនុញ្ញាតឲ្យមានការប្រមូលផ្ដុំខុសច្បាប់ណាមួយទាក់ទិនទៅនឹងបញ្ហានេះនៅក្នុងប្រទេស ឬនៅតាមតំបន់ព្រំដែននោះទេ។

ជំហររបស់មេយោធាថៃ បានធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងជំនួបពិភាក្សាជាមួយមេទ័ពកំពូលរបស់កម្ពុជា ដែលគ្រប់គ្រងកម្លាំងនៅតាមព្រំដែន។

ភាគីទាំងពីរ ដែលកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ផ្កាយ៣ ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ អមដោយឧត្តមសេនីយ៍ផ្កាយ២ សេង ធារិន មេបញ្ជាការរងភូមិភាគទី៥ ទទួលសេនាធិការ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួន។ រីឯភាគីថៃ ដឹកនាំដោយមេបញ្ជាការភូមិភាគ១ លោកឧត្តមសេនីយ៍ទោ ថាំម៉ាក់នូន វិធី (LtGen.Thammanoon) ព្រមទាំងថ្នាក់ដឹកនាំមួយចំនួន។

មន្ដ្រីយោធាជាន់ខ្ពស់កម្ពុជា ដែលបានចូលរួមក្នុងកិច្ចពិភាក្សានេះ បានថ្លែងប្រាប់ឲ្យដឹងថា «ជាការឆ្លើយតបមេបញ្ជាការភូមិភាគទី១ របស់ថៃ ដែលជាភូមិភាគដ៏សំខាន់ ខ្លាំងជាងគេ និងអំណាចជាងគេក្នុងចំណោមប៉ុន្មានភូមិភាគរបស់ថៃផ្សេងទៀតនោះ បានបញ្ជាក់ជំហររបស់ខ្លួនមកយើងថា គ្មានការអនុញ្ញាតឲ្យកម្មករ ឬពលករខ្មែរ ធ្វើការប្រមូលផ្ដុំចាំទទួល សម រង្ស៉ី នោះឡើយ ហើយបើមានត្រូវតែចាត់វិធានការតាមច្បាប់ភ្លាមៗតែម្ដង។ មន្ដ្រីយោធាជាន់ខ្ពស់កម្ពុជា ក៏បានបញ្ជាក់ពីការប្រកាសរបស់មេភូមិភាគទី១ថៃថា រដ្ឋាភិបាលរបស់ខ្លួនក៏បានជូនដំណឹងទៅកាន់ស្ថានទូតបារាំង ប្រចាំក្រុងបាងកក ពាក់ព័ន្ធទៅនឹងបញ្ហារបស់ សម រង្ស៉ី នេះផងដែរ ដែលមានសញ្ជាតិបារាំង ដើម្បីចូលរួមសហការឲ្យមានប្រសិទ្ធភាព»៕