ទីបំផុតទណ្ឌិត សម រង្ស៉ី ប្តូរជើងហោះហើរពីថ្ងៃទី៧ ទៅថ្ងៃទី០៩ ខែវិច្ឆិកា ដោយហោះចេញពីទីក្រុងប៉ារីស ទៅប្រទេសថៃ, ដូច្នេះ សម រង្ស៉ី មិនមកដល់កម្ពុជាតាមការសន្យារបស់ខ្លួនឡើយ សម រង្ស៉ី បោកប្រាស់អ្នកគាំទ្ររបស់ខ្លួនទៀតហើយ


(ភ្នំពេញ)៖ ទីបំផុត ! បន្ទាប់ពីនាយករដ្ឋមន្រ្តីថៃ មិនអនុញ្ញាតឱ្យលោក សម រង្ស៉ី ចូលប្រទេសខ្លួន នៅពេលនេះលោក សម រង្ស៉ី បានផ្លាស់ប្តូរជើងហោះហើររបស់ខ្លួន ដោយដូរពីថ្ងៃទី៧ ខែវិច្ឆិកា ទៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាពេលវេលាដើម្បីលោកចាកចេញពីទីក្រុងប៉ារីស ប្រទេសបារាំង ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ។

ដូច្នេះមានន័យថា លោក សម រង្ស៉ី មិនបានមកដល់កម្ពុជានៅថ្ងៃទី០៩ ខែវិច្ឆិកា តាមការសន្យារបស់ខ្លួនឡើយ, ពោល សម រង្ស៉ី នឹងទៅដល់ប្រទេសថៃ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ដែលនេះបង្ហាញការបោកប្រាស់អ្នកគាំទ្ររបស់ខ្លួនច្បាស់លាស់តែម្តង។ ការផ្លាស់ប្តូរម្តងហើយម្តងទៀតនេះបានបង្ហាញឱ្យឃើញថា ការលើកឡើងរបស់ទណ្ឌិត សម រង្ស៉ី គ្រាន់តែជាសម្តីបោកប្រាស់មហាជន និងអ្នកគាំទ្រតែប៉ុណ្ណោះ។

ការផ្លាស់ប្តូរជើងហោះហើរនេះ យោងតាមសំបុត្រយន្តហោះដែល សម រង្ស៉ី បានកក់ពីទីក្រុងប៉ារីស ហើយត្រូវបានអង្គភាពព័ត៌មាន ទទួលបានយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

ទាក់ទងនឹងការប្រកាសរបស់ សម រង្ស៉ី ថានឹងប្រើប្រាស់ទឹកដីថៃនេះ, ត្រូវបាននាយករដ្ឋមន្ដ្រីរបស់ប្រទេសថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា បានចេញមកបញ្ជាក់ពីជំហររដ្ឋាភិបាលរបស់ខ្លួន ដោយលោកអះអាងថា តាមស្មារតីរបស់អាស៊ាន លោក សម រង្ស៉ី នឹងមិនត្រូវអនុញ្ញាតឲ្យជាន់ទឹកដីថៃ ព្រមទាំងធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជានោះឡើយ៕