រដ្ឋលេខាធិការក្រសួងទេសចរណ៍លើកទឹកចិត្តដល់ស្ត្រីសហគមន៍ចូលរួមពង្រឹងគុណភាពសេវាជូនភ្ញៀវទេសចរ


(ក្រចេះ)៖ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ” ស្ត្រីសហគមន៍ និងទេសចរណ៍ ” ដែលសហការរៀបចំដោយក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តក្រចេះ។

សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវ ខាំ សុភាព អភិបាលរងខេត្តក្រចេះ លោក-លោកស្រីប្រធានមន្ទីរពាក់ព័ន្ធ តំណាងសហគមន៍ យុវជន និង ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តផងដែរ។

ថ្លែងក្នុងអង្គសិក្ខាសាលាលោកជំទាវរដ្ឋលេខាធិការ បានលើកឡើងថា សហគមន៍ទេសចរណ៍បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋសហគមន៍មូលដ្ឋានតាមរយៈការបង្កើតឱកាសការងារ និងប្រាក់ចំណូល។ ទេសចរណ៍សហគមន៍ត្រូវបានចាត់ទុកជាផលិតផលមួយយ៉ាងសំខាន់រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតាមរយៈសកម្មភាពសេវាកម្មទេសចរណ៍ដែលបានបង្ហាញពីទំនៀមទម្លាប់ ប្រពៃណី របៀបរបបរស់នៅ ការអភិរក្សវប្បធម៌ និងធនធានធម្មជាតិជាដើម។

ក្នុងន័យនេះស្រ្តីបានរួមចំណែកធំ និងប្រកបដោយសក្តានុពលក្នុងការផ្តល់សេវាប្រកបដោយគុណភាព សម្រាប់ទ្រទ្រង់វិស័យទេសចរណ៍ឱ្យមាននិរន្តរភាព។

ឆ្លៀតឱកាសនោះលោកជំទាវ ហ៊ុន ដានី ក៏បានផ្តល់អនុសាសន៍លើកទឹកចិត្តដល់ស្ត្រីសហគមន៍ចូលរួមពង្រឹងគុណភាពសេវាជូនភ្ញៀវទេសចរ តាមរយ:បដិសណ្ឋារកិច្ច និងសកម្មភាពទេសចរណ៍ក្នុងសហគមន៍ដូចជា៖
១-ត្រូវយល់ដឹងពីស្ថានភាព និងបរិបទនៃសហគមន៍របស់ខ្លួន
ដើម្បីអាចណែនាំដល់ភ្ញៀវទេសចរ
២-ត្រូវរួមចំណែកដល់សុខមាលភាពសង្គម និងតម្លៃសហគមន៍
ដោយមិនគាំទ្រឲ្យមានទេសចរណ៍ផ្លូវភេទ ការប្រើប្រាស់
គ្រឿងញៀន ការជួញដូរមនុស្ស ការកេងប្រវ័ញ្ចលើពលកម្ម
កុមារ។ល។
៣-ត្រូវរួមចំណែកថែរក្សាបរិស្ថាន ធនធានធម្មជាតិ និង
ទំនៀមទម្លាប់ប្រពៃណីរបស់សហគមន៍
៤-ត្រូវរួមចំណែកពង្រឹងគុណភាពម្ហូបអាហារ និងភេសជ្ជៈ
ប្រកបដោយសោភណភាព អនាម័យ និងរសជាតិឆ្ងាញ់
៥-ត្រូវរួមចំណែកពង្រឹងគុណភាពសេវាស្នាក់នៅ
៦-ត្រូវកសាងទំនាក់ទំនងល្អរវាងសហគមន៍ និងទេសចរ
៧-ត្រូវធ្វើជាអ្នកផ្សព្វផ្សាយទីផ្សារអំពីផលិតផលសហគមន៍៕