សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រជាពលរដ្ឋចូលរួមហូបអំបុក ថ្ងៃ៩ វិច្ឆិកា ទាំងអស់គ្នា


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានផ្ញើសារអញ្ជើញជនរួមជាតិចូលរួមហូបអំបុក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្អែកនេះ ដោយរីករាយទាំងអស់គ្នា។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា៖ «សូមអញ្ជើញបងប្អូន និងកូនក្មួយ ចូលរួមសប្បាយរីករាយក្នុងថ្ងៃ ៩ វិច្ឆិកា នៃទិវាបុណ្យឯករាជាតិ ជាមួយនឹងកម្មវិធីហូបអំបុកទូទាំងប្រទេស (អំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ) ដែលនឹងបន្តរហូតដល់ ថ្ងៃទី ១០-១២ វិច្ឆិកា នៃព្រះរាជពិធីបុណអុំទូក អកអំបុក លយប្រទីប និង សំពះព្រះខែ ខាងមុនេះ»។

ក្នុងពិធីប្រកាសផ្សព្វផ្សាយឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩ -២០២៣ នៅសណ្ធាគារសុខាភ្នំពេញ កាលពីថ្ងៃទី ៧ វិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ព្រមទាំងបងប្អូនដែលកំពុងពួនលាក់ខ្លួននៅភ្នំក្រវ៉ាញ និងនៅតាមកន្លែងដទៃៗទៀត ចេញមករសារភាព កុំមានការភ័យខ្លាច ចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារនៅក្នុងថ្ងៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ស្អែកនេះ និងនៅក្នុងព្រះរាជពិធីបុណ្យអំទូក អកអំបុក លយប្រទីប និងសំពះព្រះខែ ចាប់ពីថ្ងៃទី ១០-១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩។

សម្តេចបានបញ្ជាក់ទៀតថា មានតែបុគ្គល(៩) នាក់ប៉ុណ្ណោះ ដែលមានសាលដីការតុលាការកំពុងស្វែងរកចាប់ខ្លួន។ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោនាយករដ្ឋមន្រ្តី សូមធានានូវសុវត្ថិភាពចំពោះបងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិដែលមកទេសចរណ៍កម្សាន្តសប្បាយនៅក្នុងប្រទេស គឺមិនឱ្យមានការភ័យខ្លាចអ្វីឡើយ៕