លោក ឆាំង សុង៖ ការស្តារដំណើរការប្រជាធិបតេយ្យនៅកម្ពុជា មិនមែនធ្វើបែបចរិត សម រង្ស៊ី ទេ


(ឡុងប៊ីច, កាលីហ្វ័រញ៉ា)៖ លោក ឆាំង សុង អតីតមន្ត្រីជាន់ខ្ពស់កម្ពុជាក្នុងរបបសាធារណរដ្ឋរបស់លោកសេនាប្រមុខ លន់ នល់​​​ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០៣៩នេះ បានសរសេរលិខិតចំហមួយច្បាប់ ដោយលើកឡើងថា ការស្តារដំណើរការប្រជាធិបតេយ្យនៅកម្ពុជា មិនមែនធ្វើតាមបែបចរិតទណ្ឌិត សម រង្ស៊ី ដែលចូលចិត្តបង្កបញ្ហាដល់ប្រទេសជាតិ។

លោកអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានអំពាវឲ្យសហគមន៍អន្តរជាតិបញ្ឈប់ការគាំទ្ររបស់ខ្លួន ចំពោះសកម្មភាពក្រុមប្រឆាំងដឹកនាំដោយទណ្ឌិត សម រង្ស៊ី ព្រោះទង្វើរបស់ក្រុមនេះ មិនអាចបង្កើតអ្វីល្អជាជាងបង្កអំពើហិង្សា ឲ្យខ្មែរបង្ហូរឈាមគ្នាម្តងទៀត ហើយនាំឲ្យបាត់បង់ស្ថេរភាពជាតិ និងការអភិវឌ្ឍនៅក្នុងប្រទេស។

លោកបានសរសេរជាភាសាអង់គ្លេស និងមានខ្លឹមសារភាសាខ្មែរដូច្នេះថា «ខ្ញុំចង់ព្រមានឲ្យភ្លឺភ្នែកថា ទោះបីក្រុមប្រឆាំងអះអាងថា ចង់មានការផ្លាស់ប្តូរដោយសន្តិវិធី និងតាមបែបប្រជាធិបតេយ្យក៏ដោយ ប៉ុន្តែផ្ទុយទៅវិញ តាមរយៈទង្វើបែបនេះ សន្តិភាពនឹងត្រូវបាត់បង់ ចំណែកប្រជាធិបតេយ្យនឹងមិនអាចស្តារបានដែរ។​​​ ចំណែកអ្វី ដែលនឹងកាន់តែអាក្រក់ថែមទៀតនោះ គឺការញុះញង់ និងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ពីសំណាក់ក្រុមប្រឆាំង នឹងបង្កឲ្យមានអំពើហិង្សានយោយបាយ និងនាំប្រទេសធ្លាក់ចូលក្នុងថ្លុកឈាមសារជាថ្មីម្តងទៀត។

«សុំសូមទទូចដល់ប្រទេសមហាអំណាច គួរឈរនៅឲ្យឆ្ងាយពីបញ្ហាផ្ទៃក្នុងរបស់កម្ពុជា ហើយមិនត្រូវយកលេសពីការស្រែកទាមទារបស់ក្រុមរត់ស្រុក ដើម្បីបំពាក់អាវុធយុទ្ធភ័ណ្ឌ ដល់ក្រុមនេះឡើយ»។

លោក ឆាំង សុង បានសរសេរបន្តទៀតថា « យើងទាំងអស់គ្នាគួរយល់ថា ការព្យាយាមរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិភាព និងសណ្តាប់ធ្នាប់ក្នុងសង្គម អាចជួបភាពវឹកវរ ដោយសារការកំណត់ពេលចូលទឹកដីកម្ពុជាវិញ ពីសំណាក់ជនរត់ចោលស្រុក ឈ្មោះ​​​សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងបំណងញុះញង់ឲ្យមហាជននាំផ្តូលរំលំ (សម្តេច) នាយករដ្ឋមន្ត្រី ហ៊ុន សែន និងរាជរដ្ឋាភិបាលទាំងមូល»៕