សម្តេចម៉ែ ផ្ញើព្រះរាជសារថ្លែងអំណរគុណ ជូនសម្តេចតេជោ ហ៊ុន សែន ចំពោះការចូលរួមរំលែកព្រះមរណទុក្ខ នៃការយាងសោយទិវង្គរបស់ព្រះសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី


(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានផ្ញើព្រះរាជសារលិខិតថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការសារលិខិតចូលរួមរំលែកព្រះមរណទុក្ខ ក្នុងឱកាសដែលសម្តេចរាជបុត្រី ព្រះរៀម បុប្ផាទេវី បានសោយទិវង្គត។

ក្នុងព្រះរាជសារលិខិតរបស់សម្តេចម៉ែ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះបានបញ្ជាក់ថា «ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសមាចិត្តគោរពស្រឡាញ់ ស្រណោះអាឡោះអាល័យដែលសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្វាយសម្តេចរាជបុត្រីព្រះរៀម ដែលក្នុងមួយព្រះជន្មព្រះអង្គបានចូលរួមលើកស្ទួយក្នុងវិស័យវប្បធម៌ អរិយធម៌ខ្មែរ តាំងពីសម័យសង្គមរាស្ត្រនិយមតរៀងរហូតមក ល្បីល្បាញរន្ទឺលើពិភពលោក ជាពិសេសជាព្រះនិមិត្តរួចដ៏ប៉ិនប្រសប់ នៃរបាំព្រះរាជទ្រព្យខ្មែរ»។

សូមជម្រាបថា សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសោយទិវង្គត កាលពីថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព. ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១២៖៣០នាទី ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ៕