អភិបាលបាលខេត្តបាត់ដំបង ជួបពិភាក្សាការងារជាមួយអភិបាលបាលខេត្តច័ន្ទបុរី ប្រទេសថៃ


បាត់ដំបង ៖ នៅរសៀលថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ ដើម្បីពង្រឹងចំណងសម្ព័ន្ធមេត្រីភាព​ កិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែនទាំងពីរ នៅសាលប្រជុំសាលាខេត្តច័ន្ទបុរី ។

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា គោលបំណងនៃជំនួបពិភាក្សាការងារនាឱកាសនេះ គឺដើម្បីពង្រឹងចំណងសម្ព័ន្ធមេត្រីភាពកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលខេត្តច័ន្ទ បុរី នៃព្រះរាជាណាចក្រថៃ ។ ក្នុងនោះផងដែរ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្តច័ន្ទបុរី ព្រមទាំងកងកម្លាំងសមត្ថកិច្ចថៃទាំងអស់ ដែលការពារនៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការការពារ និងទប់ស្កាត់បទល្មើសគឿងញៀនខុសច្បាប់ ការឆ្លងដែនខុសច្បាប់ ព្រមទាំងបទល្មើសផ្សេងៗ ជាពិសេសការបង្ការ ទប់ស្កាត់បាននូវផែនការចង់បំផ្លាញសន្តិភាពនៅប្រទេសកម្ពុជាកន្លងមកឱ្យទទួលបរាជ័យ។

ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានស្នើដល់អាជ្ញាធរខេត្តច័ន្ទបុរី ធ្វើយ៉ាងណាបន្តពង្រឹងសម្ព័ន្ធមេត្រីភាពកិច្ចសហប្រតិបត្តការរវាងខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ និងបង្កើនកិច្ចសហប្រតិបត្តិការតាមរយៈគោលការណ៍ភូមិសរ ដើម្បីចូលរួមទប់ស្កាត់ និងលុបបំបាត់គ្រឿងញៀននៅមូលដ្ឋាន។

ឯកឧត្តម វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្តច័ន្ទបុរី បានមានប្រសាសន៍ និងស្វាគមន៍ចំពោះគណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបង ដែលបានអញ្ជើញមកដល់ខេត្តច័ន្ទបុរីនាឱកាសនេះ ។ ឯកឧត្តម បានបន្តទៀតថា កន្លងមកខេត្តច័ន្ទបុរី និងខេត្តបាត់ដំបង បានបង្កើនកិច្ចសហប្រតិបត្តិជាមួយគ្នាបានយ៉ាងល្អប្រសើរ ក្នុងគោលនយោបាយអាស៊ាន គឺយើងបានអនុវត្តន៍រួមគ្នា ជាពិសេសនាពេលថ្មីៗនេះ មានកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសថៃ ដែលគោលបំណងនៃកិច្ចប្រជុំនោះមាន ៣ចំណុចធំៗ ដែលបានសហប្រតិបត្តិការជាមួយគ្នារួមមាន ទី១-កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ ។ ទី២-កិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច និងសង្គមិច្ច ។ ទី៣- កិច្ចសហប្រតិបត្តិការវិស័យសង្គម និងវប្បធម៌ ។

ឯកឧត្តម ងួន រតនៈ បានអញ្ជើញឯកឧត្តម អភិបាលខេត្តច័ន្ទបុរី ព្រមទាំងកងកម្លាំង សមត្ថកិច្ចខេត្តច័ន្ទបុរី អញ្ជើញចូលរួមក្នុងកម្មវិធីជិះកង់ ដើម្បីពង្រឹងចំណងសម្ព័ន្ធមេត្រីភាពកិច្ចសហប្រតិបត្តិការ រវាងខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ ដែលគ្រោងនឹងរៀបចំឡើងនៅក្នុងកំឡុងខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ៕