រដ្ឋបាលខេត្តតាកែវប្រារព្ធទិវាអន្តរជាតិរំលឹកដល់​ជនរង​គ្រោះដោយ​គ្រោះថ្នាក់​ចរាចរណ៍ផ្លូវគោកលើកទី១៤


តាកែវ៖នាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ និងជា​ប្រធាន​អនុគណៈកម្មការសុវត្ថិភាព​ចរាចរណ៍ ផ្លូវគោកខេត្តតាកែវ បានអញ្ជេីញជាអធិបតី​ ក្នុងទិវា អន្តរជាតិរំលឹកដល់​ជនរង​គ្រោះ​ដោយ​​គ្រោះ​ថ្នាក់​​ចរាចរណ៍ផ្លូវគោកលើកទី១៤​ នៅសាលប្រជុំសាលាខេត្ត​ ដោយមានការចូលរួមពីសំណាក់លោក ណុប នី ប្រធានមន្ទីរ​សាធារ​ណៈ​ការ និងដឹកជញ្ជូនខេត្ត រួមជាមួយនឹងលោកស្នងការរង​នគរបាលខេត្ត ប្រធានមន្ទីរអង្គភាព​ជុំវិញ​ខេត្ត សិស្សានុសិស្ស​ជាច្រើននាក់ ។

ក្នុងឱកាសនោះ ឯកឧត្តម ​អ៊ូច ភា អភិបាលខេត្តតាកែវ និងជា​ប្រធាន​​អនុគណៈកម្មការ​សុវត្ថិ​ភាព​ចរាចរណ៍ បានមាន​ប្រសាសន៍ថា ការរៀបចំទិវានាពេលនេះ គឺជាសកម្មភាព​មួយដែលរដ្ឋបាលខេត្ត និងជា​អនុគណៈកម្មការសុវត្ថិភាព​ចរាចរណ៍ខេត្តតាកែវ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ គិតគូរ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់​វណ្ណៈអំពី​បញ្ហា​គ្រោះថ្នាក់ចរាចរណ៍ និងឧទ្ទិសកុសលដល់វិញ្ជាណ​ក្ខន្ធដល់អ្នក​ស្លាប់ជាច្រើនដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើង​ជាញឹកញ៉ាប់តាមដងផ្លូវ មិនថា តាមបណ្តាលក្រុងស្រុកទូទាំងខេត្ត ឬនៅទូទាំងប្រទេសឡើង ។

ឯកឧត្តមអភិបាលខេត្ត បន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ វាជាកត្តាមួយធ្វើឲ្យអន្តរាយដល់អាយុ ជីវិតមនុស្ស សត្វ បរិស្ថាន ខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន ដោយមិនទាន់គិតការ​បន្សល់ទុក​ស្រ្តីមេម៉ាយ កូនកំព្រា ការនិរាសព្រាត់ប្រាស់ក្នុងគ្រួសារ និងជនពិការឡើយ ។ ម្យ៉ាងវិញទៀតការបាត់ បង់ទ្រព្យ​សម្បត្តិ​មានចំនួនលើសលប់ បានជិះឥទ្ធពលធ្ងន់ធ្ងរ​ផងដែរ ដល់សេដ្ឋកិច្ចជាតិ គោលនយោ​បាយ​​កាត់បន្ថយភាពក្រក្រី និងការអភិវឌ្ឍន៍​លើគ្រប់​វិស័យរបស់រាជរដ្ឋាភិបាលផងដែរ ។ ដូច្នោះយើង ត្រូវរួមគ្នាទប់​ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបាន​នឹងកំពុងកើតមានឡើងឥតឈប់ឈរ ជារៀងរាល់ថ្ងៃ ពិសេសខេត្តតាកែវយើង ដែលបញ្ហានេះបណ្តាលមកពី​កត្តាធំៗចំនួន៣គឺ កត្តាមនុស្ស កត្តាយានយន្ត និងកត្តាផ្លូវថ្នល់ ។

បើតាមរបាយការណ៍របស់លោក ណុប នី ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានឲ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩នេះ មន្ទីរបានធ្វើការអប់រំ​ផ្សព្វផ្សាយ​ច្បាប់ស្តីពី​ ចរាចរណ៍ ផ្លូវគោក និងធ្វើយុទ្ធនាការរឹតបន្តឹងការពាក់​មួកសុវត្ថិភាពជូនដល់សិស្សានុសិស្សតាមបណ្តាសាលារៀន តាមផ្លូវជាតិ ផ្លូវខេត្ត ក្នុងទីប្រជុំជន ទូទាំងខេត្តចំនួន ២២លើក មានអ្នកចូលរួម និងឆ្លើយសំណួរ​ពាក់​ព័ន្ធ​នឹងច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ៥.១៨៦នាក់ ស្រី២.១៦១នាក់ ក្នុងនោះអ្នកឆ្លើយសំណួរត្រូវ​ចំនួន៣៥៤នាក់ ដែលទទួលបាន​មួកសុវត្ថិភាពម្នាក់មួយដោយឥតគិតថ្លៃ ហើយចំពោះអ្នក​ឆ្លើយមិនត្រូវ ទទួលបានសៀវភៅច្បាប់ស្តីពី​ចរាចរណ៍ផ្លូវគោក និងឯកសារសុវត្ថិភាពចរាចរណ៍ផ្លូវគោកមួយចំនួន​ដូចជា៖ សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចំនួន ២៥៤ក្បាល សៀវភៅអ្វីដែលអ្នកបើកបរត្រូវ​យ​ល់​ដឹង​ចំនួន ៧២០ក្បាល ស្ទីកគ័រចំណាំងផ្លាតពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពចំនួន ៤.៤០០សន្លឹក ផ្ទាំងរូបភាព សញ្ញាចតទីប្រជុំជន ចំនួន ៩៥សន្លឹក សីលធម៌១០ចំណុច ៥០សន្លឹក ១០ចំណុចដើម្បីសុវត្ថិភាព ៨១០សន្លឹក សញ្ញាចរាចរណ៍សំខាន់ៗ ២០សន្លឹក កាតសវុត្ថិភាព ២.៣៥០សន្លឹក ថ្ងៃនេះថ្ងៃស្អែកកុំឲ្យ មានគ្រោះថ្នាក់ចរាចរណ៍ ៨៨សន្លឹក រូបភាពកំណត់ទំហំរថយន្តនិងការកំណត់ទំហំផ្ទុកទំនិញ ៨៤សន្លឹក ស្ទីកគ័រចំណាំងផ្លាត ៦៥០សន្លឹក ប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវ ៣០០សន្លឹក ផ្ទាំងរូបភាពអ្នកថ្មើរជើង ១០សន្លឹក ផ្ទាំងរូបភាព 40Km/h ចងបដាពាក្យស្លោកចរាចរណ៍ផ្លូវគោក ១៣ផ្ទាំង ៕