លោកជំទាវ ឃួន សុដារី៖ វប្បធម៌ជាមូលដ្ឋានគ្រឹះនៃសន្តិភាព ការអភិវឌ្ឍ ការផ្សារភ្ជាប់គ្នា និងនវានុវត្តន៍


(ឃ្យុងយូ)៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានលើកឡើងពីតម្លៃនៃវប្បធម៌ តាមរយៈការលើកកម្ពស់វប្បធម៌ចម្រុះ ដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាព ការអភិវឌ្ឍ ការផ្សារភ្ជាប់គ្នា និងនវានុវត្តន៍ ដើម្បីលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍដោយចីរភាព ។

ការលើកឡើងបែបនេះធ្វើឡើងក្នុងឱកាសដែល លោកជំទាវ អញ្ជើញចូលរួមជាសហអធិបតី និងបានថ្លែងសុន្ទរកថាបិទក្នុងពិធី «ពិព័រណ៍វប្បធម៌ពិភពលោកឃ្យុងយូ-២០១៩» នៅទីក្រុងឃ្យុងយូ នៅសាធារណរដ្ឋកូរ៉េ នាល្ងាចថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកជំទាវ បានគូសបញ្ជាក់ថា ព្រឹត្តការណ៍នេះបានប្រព្រឹត្តទៅអស់រយៈពេល ៤៥ ថ្ងៃ ចាប់ពីថ្ងៃទី ១១ ខែតុលា មកទល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រកបដោយភាពជោគជ័យ និងវិជ្ជាជីវៈខ្ពស់។

លោកជំទាវ បានបញ្ជាក់បន្ថែមថា ពិព័រណ៌វប្បធម៌ពិភពលោកឃ្យុងយូ ធ្វើឡើងក្នុងគោលបំណងរួមចំណែកដល់ការជម្រុញវប្បធម៌ចម្រុះ ដោយផ្តោតលើតួនាទីវប្បធម៌ ដែលជាប្រភព នៃសន្តិភាព សុខដុមនីយកម្ម ការអភិវឌ្ឍ ការផ្សារភ្ជាប់ ការច្នៃប្រឌិត និងនវានុវត្តន៍។

លោកជំទាវ បានលើកសរសើរ និងអបអរសាទរ អំពីទីតាំងនៃពិព័រណ៌វប្បធម៌នៃទីក្រុងឃ្យុងយូ ដែលជាទីកន្លែងប្រវត្តិសាស្រ្តហ៊ុមព័ទ្ធដោយរិកធាតុ និងបូជនិយស្ថានវប្បធម៌ប្រវត្តិសាស្រ្ត ក្នុងអតីតទីក្រុងបុរាណ នៃព្រះរាជាណាចក្រសិលាដែលបានកកើតមុនសម័យអង្គរបន្តិច គឺ អំឡុងសតវត្សរ៍ទី១ដល់ទី១០។

ជាថ្មីម្តងទៀត លោកជំទាវបានសង្កត់ធ្ងន់អំពីគោលបំណងនៃការជួបជុំគ្នាតាំងពិព័រណ៌នៅទីនេះ គឺដើម្បីកសាងមិត្តភាព សម្ព័ន្តភាព និងការបង្កើតទំនាក់ទំនង និងវេទិកា សម្រាប់សហគមន៍ និងរដ្ឋាភិបាល ដើម្បីលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍដោយចីរភាព តាមរយៈការលើកកម្ពស់វប្បធម៌ចម្រុះ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវ ក៏បានសម្តែងនូវការព្រួយបារម្ភពីបញ្ហាក្នុងពិភពលោក ដែលសន្តិភាព និងស្ថេរភាពពិភពលោកកំពុងស្ថិតក្រោមការគម្រាមកំហែងដោយសារការកើនឡើង នៃភាពជ្រុលនិយម នយោបាយប្រជាភិថុត ការបែកខ្ញែកប៉ូលនយោបាយ និងសង្គម និងវិសមភាពសេដ្ឋកិច្ចសង្គម។ ដូច្នេះតាមរយៈវប្បធម៌ជួយបង្កបរិយាកាសឲ្យយើងទាំងអស់គ្នាកាន់តែមានភាពស្និទ្ធស្នាល និងជួយដល់ការពង្រឹងវប្បធម៌អនុគ្រោះគ្នា និងសន្តិភាពនិយម និងជួយមនុស្ស យល់ពីគ្នាទៅវិញទៅមកកាន់តែប្រសើរឡើង។

ជាពិសេសជាងនេះទៀត ពិធីតាំងពិព័រណ៌នេះផ្តល់ឱកាសឲ្យមនុស្សយល់ពីតម្លៃ នៃវប្បធម៌កាន់តែខ្លាំងជាងមុន។ លោកជំទាវ បានបញ្ជាក់បន្ថែមទៀតថា វប្បធម៌មិនត្រឹមតែមានតួនាទីជម្រុញនូវសុខសន្តិភាព ស្ថិរភាព ប៉ុណ្ណោះទេ ថែមទាំងជាចលករសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ការអភិវឌ្ឍដោយចីរភាព តាមរយៈវិស័យទេសចរណ៍ និងឧស្សាហកម្មមានភាពច្នៃប្រឌិត ជាប្រភពនៃនវានុវត្តន៍ និងភាពច្នៃប្រឌិត និងជាប្រភពរបស់មនុស្សជាតិ និងអត្តសញ្ញាណរបស់មនុស្ស។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានធ្វើការទាញចំណាប់អារម្មណ៍អង្គពិធី ដោយបានជម្រាបជូនពីសមិទ្ធផលកម្ពុជាក្នុងការបង្កើតក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានស្ថាបនិកកិត្តិយស។ ជាមួយគ្នានេះផងដែរ លោកស្រីក៏បានជម្រាបជូននូវទស្សនៈវិស័យរបស់មប្រឹក្សាវប្បធម៌អាស៊ី ដែលមានភាពបត់បែន និងសមស្រប តាមបរិបទនៃយុគសម័យឌីជីថល និងបដិវត្តឧស្សាហកម្មទី ៤ ដោយ ACC បានអនុវត្តនូវនវានុវត្តន៍អភិក្រម ក្នុងការអភិរក្សតម្លៃប្រវត្តិសាស្រ្ត និងវប្បធម៌ ដោយធានាមិនឲ្យមានការបាត់បង់ធាតុពិត និងសភាពដើមឡើយ។

មុននឹងបញ្ចប់ការថ្លែងសុន្ទរកថា លោកជំទាវ បានអំពាវនាវឱ្យរួមគ្នា ក្នុងការអភិរក្សបេតិកភ័ណ្ឌវប្បធម៌ និងប្រវត្តិសាស្រ្ត ធ្វើសមាហរណកម្មការរីកចម្រើននៃបច្ចេកវិទ្យាទៅក្នុងការអភិរក្សវប្បធម៌ និងអភិវឌ្ឍរបៀងវប្បធម៌ សម្រាប់សន្តិភាព និងការអភិវឌ្ឍដោយចីរភាព។

សូមជម្រាបថា ពិព័រណ៍វប្បធម៌ពិភពលោកឃ្យុងយូ ២០១៩ រយៈពេល ៤៥ ថ្ងៃ នេះ មានការសម្តែងសិល្បៈ និងការតាំងបង្ហាញពិព័រណ៍ចម្រុះ ដែលមានការចូលរួមពី ២៧ ប្រទេស និងមានភ្ញៀវទេសចរណ៍ទស្សនាសរុបប្រមាណកន្លះលាននាក់។

ប្រទេសកម្ពុជា និងកូរ៉េធ្លាប់បានសហការគ្នារៀបចំ ពិព័រណ៍វប្បធម៌ពិភពលោកអង្គរ-ឃ្យុងយូ នៅខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០០៦ ដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០០៧ ដោយមានការចូលរួមពី៣០ប្រទេស និងភ្ញៀវទេសចរជាងមួយលាននាក់។ នៅក្នុងវិស័យអភិរក្ស ប្រទេសកូរ៉េបានចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រឹងប្រែងអភិរក្សប្រាសាទបុរាណ ជាពិសេស ការបញ្ចប់ដោយជោគជ័យនូវគម្រោងអភិរក្ស និងជួសជុលប្រាសាទព្រះពិទូ និងលានជល់ដំរីនៅក្នុងបរិវេណប្រាសាទអង្គរធំ៕