លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីរំលឹកខួបទី ២៥ នៃការបង្កើតសមាគមនិកាយចិនទៀជីវនៅកម្ពុជា រាត្រីថ្ងៃច័ន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩
លោកជំទាវក៏បានមានប្រសាសន៍ថា ៖ ពិធីរំលឹកខួបទី ២៥នេះ មានគោលបំណងពង្រឹងសាមគ្គីភាពរវាងបងប្អូនចិនទៀជីវ ជាមួយនឹងបងប្អូនខ្សែស្រឡាយ ចិនជាមួយនឹងបងប្អូនខ្មែរ បង្កើននូវចំណងមិត្តិភាពរវាងប្រទេសកម្ពុជា-ចិន ឲ្យកាន់តែមានភាពជិតស្និតបន្ថែមទៀត និងបានចែករំលែកព័ត៌មានស្តីពីការអភិវឌ្ឍ និងទិសដៅរបស់សមាគមផងដែរ។
លោកជំទាវបានកោតសរសើរចំពោះសមាគម ក្រោមការដឹកនាំរបស់ ឯកឧត្តម ឡាវ ម៉េងឃីន តាមរយៈ ការចូលរួមយ៉ាងសកម្ម ក្នុងការជម្រុញសកម្មភាព វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងធុរកិច្ច និងជួយឧបត្ថម្ភក្នុងវិស័យសង្គមកិច្ច មនុស្សធម៌ ។ ក្នុងនោះសមាគមនិកាយចិនទៀជីវ ក៏បានចូលរួមយ៉ាងសំខាន់លើការបណ្តុះបណ្តាល ការអប់រំ វប្បធម៌ និងទេសចរណ៍ កាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។ ក្នុងនោះ ឯកឧត្តម ឡាវ ម៉េងឃីន និងលោកជំទាវ ជឹង សុភាព ក៏បានបរិច្ចាកនូវដីមួយកន្លែងទំហំ ១៣.០០០ម នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមទាំង ថវិកាផ្ទាល់ខ្លួនយ៉ាងច្រើន ចូលរួមក្នុងការសាងសង់សាកលវិទ្យាល័យទួនហ្វា ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅនេះនិងចូលរួមថវិកាក្នុងការសាងសង់អគារទីស្នាក់ការសមាគមផងដែរ ។