ព្រឹកនេះ រដ្ឋសភា បើកកិច្ចប្រជុំពេញអង្គ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងច្បាប់ថវិកា ឆ្នាំ២០២០ និងសេចក្តីព្រាងច្បាប់៣ផ្សេងទៀត


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋសភា បានបើកសម័យប្រជុំពេញអង្គរបស់ខ្លួន ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន ៤ ដែលរៀបចំដោយ រាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងទៅនេះ។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមដោយតំណាងរាស្រ្តចំនួន១០៧រូប។

សេចក្តីព្រាងច្បាប់ទាំង៤ ដែលរដ្ឋសភាពិភាក្សា និងអនុម័តនេះ រួមមាន៖

* សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។

* សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រង២០១៨។

* សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ នៃច្បាប់ស្តីពីសហជីព ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។

* សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តបទបញ្ញត្តិ នៃអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រង និងការអភិរក្សផល ស្តុកត្រី ផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ៕