Global witness ព្យាយាមរារាំងកម្ពុជានៅវេទិកាសេដ្ឋកិច្ចពិភពលោក


អង្គ​ការ Global Witness ដែល​តែង​គុំ​គួន​ក្រុម​គ្រួ​សារ​សម្តេច​តេ​ជោ​សែន បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ ក្នុង​ក្រុង​ដាវ៉ូស​នៃ​ប្រ​ទេស​ស្វីស ស្វែង​រក​ការ​រារាំង​ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូល​រួម​ក្នុង​វេទិ​កា​សេដ្ឋ​កិច្ច​ពិភព​លោក​។ សេចក្តី​ថ្លែង​ការណ៍​នេះ ត្រូវ​គេ​ឃើញ​ថា​ មិន​មាន​ការ​គាំទ្រ​ណា​មួយ​ពី​សមា​ជិក​ជាង​ ៣០​ប្រ​ទេស ​ពី​សកល លោក​ ដែល​បាន​ចូល​រួម​នោះ​ឡើយ​។

មន្ត្រី​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ លោកផៃ ស៊ីផាន បាន​ថ្លែង​នៅ​ថ្ងៃ​ទី ១៨​មករា​នេះ​ថា ការ​លើក​ឡើង​របស់ Global Witness គឺ​ជា​ការ​បង្ហាញ​កា​រអស់​សង្ឃឹម ​និង​បង្ហាញ​ពី​ភាព​ទ័ល​ច្រក​តប​នឹង​បរា​ជ័យ​ នៃ​របាយ​ការណ៍​របស់​ខ្លួន​ឯង ​ដែល​តែង​ប្រ​ឌិត​បំផុស​បំផុល ​និង​ធ្វើ​ការ​ញុះ​ញង់​អោយ​គេ​ស្អប់​ខ្មែរ​ ក្នុង​រយៈ​ពេល​កន្លង​មក​។

Global Witness គឺ​ជា​អង្គ​ការ​អន្តរ​ជាតិ​មួយ​ ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៣ ដែល​មាន​ទី​តាំង​ក្នុង​ក្រុង​ឡុង​ដ៍ ​ប្រ​ទេស​អង់​គ្លេស​ និង​ស្ថិត​ក្នុង​ក្រុង ​Washington សហ​រដ្ឋ​អា​មេ​រិក​ផង​ដែរ​។ របាយ​ការណ៍​របស់​អង្គ​ការ​នេះ​ចំពោះ​កម្ពុជា​ បាន​រង​នឹង​ការ​រិះ​គន់​ជា​ខ្លាំង​ពី​រាជ​រដ្ឋាភិ​បាល ​ដែល​ចោទ​ថា​មាន​ទំនោរ​លំ​អៀង​ និង​ខុស​ពី​តួ​លេខ​នៃ​ការ​ពិត​ជាក់​ស្តែង​។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់ global witness ចុះ​ថ្ងៃ​ទី ១៨​ ខែ​មករា ឆ្នាំ២០១៧ អង្គ​ការ​នេះ​បាន​បន្ត​ការ​វាយ​ប្រ​ហារ​ដល់​ក្រុម​គ្រូ​សារ​ សម្តេច​តេ​ជោ​សែន និង​បាន​ព្យា​យាម​មិន​អោយ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ ផ្ស​ព្វ​ផ្សាយ​វី​ដេ​អូ «​ផ្កាយ កំពុង​រះ​របស់ អាស៊ាន​» ដែល​ជា​កម្ម​វិធី​ទាក់​ទាញ​ទេស​ចរណ៍ និង​ការ​វិនិ​យោគ​បរ​ទេស​ទៅ​កាន់​កម្ពុជា​នោះ​ឡើយ​។

កម្ពុជា​បាន​ឆ្លង​កាត់​ការ​ដាក់​ទណ្ឌ​កម្ម​ពិភព​លោក​ចំនួន​ ១១​ឆ្នាំ មក​ហើយ ​ដោយ​សារ​តែ​របាយ​ការណ៍​មិន​ពិត​អំពី​កម្ពុជា ​នៅ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​រវាង​ពី​ឆ្នាំ​១៩៧៩ ​ដល់​ឆ្នាំ​១៩៩០​។ ប៉ុន្តែ​ក្រោម​នយោ​បាយ​ឈ្នះ​ៗ​ ដែល​ធ្វើ​អោយ​អស់​សង្គ្រាម​ស៊ី​វិល​នៅ​ចុង​ឆ្នាំ​១៩៩៨ កម្ពុជា​បាន​បោះ​ជំ​ហាន​ទៅ​រក​ការ​អភិ​វឌ្ឍន៍​ពិត​ប្រាកដ​។

មន្ត្រី​រាជ​រដ្ឋាភិ​បាល​បាន​ថ្លែង​ថា​ ភាព​គុំ​គួន​របស់​អង្គ​ការ Global Witness មិន​អាច​ធ្វើ​អោយ​កម្ពុជា​ប្រែ​ប្រួល​ចេញ​ពី​ការ​គាំទ្រ​ជា​អន្តរ​ជាតិ​បាន​ទេ​…​ ហើយ​ក៏​មិន​អាច​ទាញ​ដំណើរ​សេដ្ឋ​កិច្ច​ទៅ​មុខ​របស់​កម្ពុជា​ ឱ្យ​ថយ​ក្រោយ​បាន​ដែរ និង​ក៏​មិន​អាច​ធ្វើ​អោយ​កម្ពុជា​ វិល​ទៅ​អតីត​កាល​នៃ​សង្គ្រាម​នោះ​បាន​ឡើយ​។