ឯកឧត្តម វង សូត និងលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ធំ


ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងគណៈប្រតិភូអមដំណើរ ប្រធាន អនុប្រធានមន្ទីរ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការជាច្រើនទៀត នាព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ឯកឧត្តម សុខ លូ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃខិតខំប្រឹងប្រែង និងសហការល្អរបស់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា បានចូលរួមចំណែកក្នុងការអភិវឌ្ឍខេត្តកំពង់ធំឱ្យកាន់តែរីកចម្រើន។

លោក លី សុភា បានប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ធំ ជំនួសលោក អ៊ាប ឈុនស្រ៊ាង អតីតប្រធានមន្ទីរសង្គមកិច្ចត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងសង្គមកិច្ច មានឋានៈស្មើនឹងអគ្គនាយក​។ លោក អ៊ាប ឈុនស្រ៊ាង អតីតប្រធានបានធ្វើសេចក្តីរាយការណ៍ដោយសង្ខេប ក្នុងការបំពេញការងារក្នុងអណត្តិរបស់ខ្លួនថា មន្ទីរបានជួសជុល និងកសាងអគារ និងការិយាល័យសង្គមកិច្ច ក្រុង-ស្រុក មានអគាររដ្ឋបាល២អគារ មន្ទីរបានកសាងអគារ០៩បន្ទប់ និងចាក់ដីបំពេញទីធ្លាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការ និងមន្ទីរបានសហការជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំសង្កាត់ បានចុះចែកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងជម្រកដល់ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ពិការ អនាថា បានស្រង់ស្ថិតិជនពិការក្រីក្រនៅសហគមន៍ ស្នើសុំរបបគោលនយោបាយ និងសកម្មភាព ជាច្រើនទៀត។ ចំពោះលទ្ធផលដែលទទួលបាន ដោយបានផ្អែកទៅលើការដឹកនាំរបស់ឯកឧត្តម វង សូត រដ្ឋមន្ត្រីមន្ត្រីក្រសួងសង្គមអតីតយុវជន និងយុនីតិសម្បទា ឯកឧត្តមសុខ​ លូ អភិបាលខេត្តកំពង់ធំ តែងតែចង្អុលបង្ហាញ និងការយកចិត្តទុកដាក់របស់មន្ត្រីជំនាញទាំងអស់ឱ្យទទួលបានជោគជ័យ ។

លោក លី សុភា ដែលទើបតែប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ខេត្តកំពង់ធំ បានប្តេជ្ញាចិត្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនជានិច្ចនូវនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខដឹកនាំដ៏ឆ្នើមឱ្យទទួលបានជោគជ័យ។ ខិតខំយកចិត្តទុកដាក់ឱ្យអស់ពីសមត្ថភាព កម្លាំងកាយចិត្ត និងស្មារតីបំពេញការងារប្រកបដោយឆន្ទៈទទួលខុសត្រូវខ្ពស់ និងប្រកាន់ខ្ជាប់ នូវសីលធម៌ ឥរិយាបថជាអ្នកបម្រើប្រជាពលរដ្ឋ គោរពប្រតិបត្តិច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងការណែនាំរបស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្ត ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឈរលើគោលការណ៍ច្បាប់ជាមូលដ្ឋាន ប្រកបដោយតម្លាភាព សហការជាប់ជាប្រចាំជាមួយមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារឱ្យបានល្អ។

ឯកឧត្តម វង សូត បានមានប្រសាសន៍លើកឡើងពីការយកចិត្តទុកដាក់របស់ក្រសួងចំពោះនិវត្តជន និងការផ្តត់ផ្គង់សាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះ និងកុមារដែលចាប់ពីឆ្លងទន្លេរហូតដល់កុមារមានអាយុ២ឆ្នាំ។ កិច្ចការនេះគឺត្រូវបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល គឺសម្រាប់តែជនក្រីក្រពិតប្រាកដ មិនមែនជាទូទៅនោះទេ ដោយគិតចាប់តាំងពីពេលមានផ្ទៃពោះ។

ឯកឧត្តម រដ្ឋមន្រ្តីរបានមានប្រសាសន៍ណែនាំ ផ្តាំផ្ញើដល់ប្រធានមន្ទីរថ្មី ឱ្យខិតខំប្រឹងប្រែងដឹកនាំអង្គភាព សហការសាមគ្គីផ្ទៃក្នុង សហការជាមួយបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ អនុវត្តន៍តាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ខេត្តឱ្យទទួលបានលទ្ធផលជោគជ័យ៕