ពីធីបើកវេទិកាអាហារូបត្ថម្ពកុមារសកលប្រចាំឆ្នាំលើកទី២១ នៅកម្ពុជា


ខេត្តសៀមរាប៖ វេទិកាអាហារូបត្ថម្ពកុមារសកលប្រចាំឆ្នាំលើកទី២១ ត្រូវបានប្រារព្ធធ្វើឡើងលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ទី៦ ខែធ្នូ ឆ្នាំ២០១៩ នៅ សណ្ឋាគារ អប្សរា ផាលែស និងរីសត ក្រោមការកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយ Global Child Nutrition Foundation (GCNF) និង World Food Programme Centre of Excellence against Hunger (WFP CoE) មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាល រដ្ឋមន្ត្រី និងមន្រ្តីអប់រំ ក៏ដូចជាអ្នករៀបចំគោលនយោបាយ អ្នកអនុវត្តគោលនយោបាយ អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ មកពីប្រទេសចំនួន៦០ និងអ្នកចូលរួមចំនួន៣៨០ នាក់។ ។

ពិធីបើកវេទិកានេះ បានប្រព្រឹត្តទៅក្រោមអធិបតីឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

វេទិកាសកលនេះ នឹងចែករំលែកអំពីបទពិសោធន៍ក្នុងការអនុវត្ត បញ្ហាប្រឈម និងឧត្តមានុវត្តនៃកម្មវិធីផ្តល់អាហារនៅសាលារៀន។ ការប្រារព្ធវេទិកានៅឆ្នាំ២០១៩នេះ ជាកាលានុវត្តភាពដែលប្រទេសនីមួយៗផ្ដោតការយកចិត្តទុកដាក់លើបទពិសោធន៍នៃការអនុវត្តកម្មវិធីផ្តល់អាហារនៅសាលារៀន ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការបង្កើនភាពជាម្ចាស់នៃប្រទេសលើហិរញ្ញប្បទាន និងការប្រតិស្ឋានកម្មវិធីនេះនៅក្នុងប្រព័ន្ធអប់រំជាតិ និងការគាំពារសង្គមប្រកបដោយគោលនយោបាយស៊ីជម្រៅ បរិយាបន្ន និងនិរន្តរភាព។

គូសបញ្ជាក់ផងដែរថា វេទិកាសកលដែលកំពុងប្រារព្ធឡើងនាពេលនេះ គឺជាវេទិកាប្រចាំឆ្នាំដែលធំជាងគេបំផុតស្តីពី ការផ្ដល់អាហារនៅសាលារៀននៅលើពិភពលោក។ កម្មវិធីផ្តល់អាហារនៅសាលារៀន ជាអាទិភាពដ៏ចម្បង ដូចមានចែងក្នុងផែនការយុទ្ធសាស្រ្ត អប់រំ ២០១៩-២០២៣ និងក្នុងគោលនយោបាយជាតិស្តីពីកិច្ចគាំពារសង្គម និងជាមូលដ្ឋាននៃការ កសាងមូលធនមនុស្សនៃព្រះរាជាណាចក្រកម្ពុជា ។

០២ ធ្នូ ២០១៩ | ខេត្តសៀមរាប