ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យគណ: ប្រតិភូអញ្ជើញមកពីខេត្តហាយណាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងគម្រោងវិនិយោគលើវិស័យកសិកម្ម


នៅទីស្តីការក្រសួង វេលាម៉ោង ៩:០០ ព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យគណ: ប្រតិភូអញ្ជើញមកពីខេត្តហាយណានដែលភាគច្រើនជាអគ្គនាយកក្រុមហ៊ុន និងស្ថាប័នរដ្ឋជា អាទិ៍៖ Hainan State Farms Holding Group Co., Ltd, China Haianan Natural Rubber Industry Group Co., Ltd, Enterprice Development Department of HRG, Hainan Ruixiang Tropical Economic Investment Group Co., Ltd, Land Planning Institute of Haianan State Farms, Seedling Branch of HRG, Coconut Research Institute of Chinese Academy of Tropical Agriculture Science ដែលដឹកនាំដោយ Mr. Wang Yeqiao នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Hainan State Farms Holding Group Co., Ltd ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងគម្រោងវិនិយោគលើវិស័យកសិកម្ម។

ជាបឋមឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណ:ប្រតិភូដែលបាន អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ហើយទស្សនកិច្ចនេះពិតជាមានសារ សំខាន់ក្នុងការលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងឲ្យកាន់តែរឹងមាំ និងស្ថិតស្ថិរយូអង្វែងថែមទៀត មិនត្រឹមតែប៉ុណ្ណោះ វាជាការបើកផ្លូវឲ្យបានទូលាយសម្រាប់ខេត្តហាយណានមកសិក្សាស្វែងយល់បន្ថែមអំពីសក្តានុពលពីវិស័យកសិកម្មកម្ពុជា និងបង្កើតកិច្ចសហប្រតិបត្តិការរវាងខេត្តហាយណាន ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលអនាគតដ៏ខ្លី ដើម្បីចូលរួមអភិវឌ្ឍន៌វិស័យនេះឲ្យមានការរីក ចម្រើនសមស្របតាមយុទ្ធសាស្រ្ត “ផ្លូវ និងខ្សែក្រវ៉ាត់” របស់លោកប្រធានាធិបតី ស៊ី ជីងភីង។

Mr. Wang Yeqiao ក្នុងនាមឲ្យគណ:ប្រតិភូបានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបគណ:ប្រតិភូ និងបានវាយតម្លៃខ្ពស់ និងកោតសរ សើរចំពោះការរីកចម្រើនរបស់កម្ពុជា។ លោកបានបញ្ជាក់ថា សមិទ្ធផលនេះពិតជាបានមកពីកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ និងគ្រប់ជ្រុងជ្រោងរវាងរដ្ឋាភិបាល និងប្រជាជនយើងទាំងពីរដូចដែល ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងខាងលើ។ ចូលមកដល់ប្រធានបទសំខាន់ៗនាជុំនួបព្រឹកនេះ លោកប្រធានគណ:ប្រតិភូបានជម្រាបថា គោលបំណងនៃដំណើរទស្សនកិច្ចមក កម្ពុជានាពេលនេះ និងជាពិសេសអញ្ជើញមកជួបឯកឧត្តមរដ្ឋមន្ត្រីនាពេលនេះគឺទី១- ចង់បង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាកសិកម្មតំបន់ត្រូពិចកម្ពុជា-ចិន (China-Cambodia Tropical Agriculture Technology Center) និងទី២- សិក្សាពីសក្តានុពលលើដំណាំត្រូពិច ជា ពិសេសដំណាំដូង ដើម្បីធ្វើការវិនិយោគជាលក្ខណ:ឧស្សាហកម្ម។ Mr. Wang Yeqiao បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រីថាសួននេះប្រើជាប្រយោជន៍សម្រាប់ធ្វើកន្លែងដាំដុះ បង្ហាញ សិក្សាស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកវិទ្យាទំនើបទាន់សម័យលើការដាំដុះ ប្រមូលផល ផលិតពូជ វិធានការការពារជំងឺ សត្វល្អិត និងកែច្នៃដំណាំត្រូពិច ដល់អ្នកផលិតក្នុងប្រទេស និងនៅក្នុងតំបន់ជាលក្ខណ:អន្តរជាតិ និយាយជារួមគឺជាតំបន់ពហុប្រយោជន៍បម្រើឲ្យវិស័យកសិ-ឧស្សាហកម្មកម្ពុជានាពេលអនាគត។ Mr. Wang Yeqiao បានបញ្ជាក់យ៉ាងច្បាស់ថាប្រទេសថៃបានធ្វើការនាំចេញផ្លែដូងទៅកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារចិនរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ ដោយឡែកកម្ពុជាមានលក្ខណ:ភូមិសាស្រ្តទឹក ដី និងក្សេត្របរិស្ថានមិនខុសពីប្រទេសថៃ ដូច្នេះ បើគម្រោងនៃការបង្កើតសួននេះ ទទួលបានជោគជ័យ នោះកម្ពុជាត្រូវបានគេទទួល ស្គាល់លើឆាកអន្តរជាតិកាន់តែច្រើនឡើងតាមរយ:ផលិតផលកសិកម្មតំបន់ត្រូពិច ជាពិសេសដំណាំដូង ។ ភ្ជាប់ទៅនឹងផលិតកម្មផ្លែដូងនេះ Mr. Wang Yeqiao ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ថ្មីមួយទៀត ក្រៅពីអង្ករ ស្វាយ ចេក ដំឡូង។ល។ ថាផ្លែដូងគឺមានសក្តានុពលនាំចេញទៅកាន់ទីផ្សារចិននាពេលអនាគត ហើយកម្ពុជាមានផលិតផលនេះនៅក្នុងដៃ គ្រាន់តែនៅមិនទាន់បានឲ្យតម្លៃទៅលើការអនុវត្តបច្ចេកទេសដាំដុះ ប្រមូលផល វេចខ្ចប់ ចងក្រងកំលាំងផលិត និងនាំចេញតែប៉ុនណ្ណោះ។ ហេតុផលនេះ ខេត្តហាយណាដែលជាខេត្តមានសក្តានុពលលើដំណាំនេះ ចង់មក រកដៃគូវិនិយោគដំណាំដូងនៅកម្ពុជាដើម្បីនាំចេញទៅកាន់ទីផ្សារចិន។ ជាមួយកម្មវត្ថុធំៗពីរខាង លើ Mr. Wang Yeqiao ស្នើសុំកិច្ចសហការពីឯកឯត្តមរដ្ឋមន្រ្តី ហើយអាចឈានទៅស្នើសុំគោលនយោបាយពីប្រមុខដឹកនាំនៃប្រទេសទាំងពីរធ្វើយ៉ាងណាឲ្យគម្រោងនេះបានអនុម័ត និងអនុវត្តក្នុងពេលអនាគតយ៉ាងខ្លី។

ទទួលបានព័ត៌មានខាងលើ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងការស្វាគមន៍ រីករាយ និងគាំទ្រចំពោះ
ឆន្ទ:បង្កើតសួនបច្ចេកវិទ្យាកសិកម្មដំណាំត្រូពិចកម្ពុជា-ចិន និងការវិនិយោគលើដំណាំដូងនៅកម្ពុជារបស់ខេត្តហាយណាន ព្រោះថាវាស្របពេលដែលក្រសួង ក៏ដូចជារាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយយកចិត្តទុកដាក់លើការងារស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វ ផ្សាយបច្ចេកវិទ្យាកសិកម្មទាន់សម័យឲ្យដល់ដៃអ្នកផលិត ដើម្បីធានាបានបរិមាណ គុណភាព តម្លៃបន្ថែម ការកែច្នៃ ប្រកួតប្រជែង និងមានទីផ្សារនាំចេញ ហើយជាពិសេសសួននេះមិនគ្រាន់តែជាថ្នាលសាបព្រោះនូវចំណេះដឹងផ្នែកបច្ចេកវិទ្យាកសិកម្មវៃឆ្លាតតែប៉ុណ្ណោះទេ តែវានឹងជួយប្រាប់ទៅប្រទេសនៅក្នុងតំបន់ និងអន្តរជាតិថាកសិផលកម្ពុជាមានសក្តានុពលសម្រាប់ធ្វើការប្រកួតប្រជែកទីផ្សារនាំចេញ ហើយរាជរដ្ឋាភិបាលពិតណាស បាននិងកំពុងអនុវត្តនូវគោលនយោបាយនៃការជំរុញការនាំចេញផលិតផលកសិកម្មយ៉ាងសកម្មទាំងពេលបច្ចុប្បន្ន និងអនាគត។

ចំពោះដំណាំដូង ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជូនភ្ញៀវថា ពិតណាស់កម្ពុជាមានសក្តានុពលលើដំណាំនេះ ប្រសិនបើយើងបញ្ចូលបច្ចេកទេសដាំដុះសមស្របមួយឲ្យអ្នកផលិត និងរៀបចំក្រុម ឬសហគមន៍ផលិត យើងសង្ឃឹមថាផលិតផលដូងនឹងមានតម្លៃបន្ថែមខ្ពស់ ដោយសារមានតម្រូវការទីផ្សារ។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនគណ:ប្រតិភូថាក្រសួង ក៏ដូចជារាជរដ្ឋាភិបាលនឹងផ្តល់កិច្ចសហការពេញលេញ ដើម្បីជួយសម្រួលដល់ការវិនិយោគ ធ្វើយ៉ាងណាឲ្យគម្រោងកិច្ចសហប្រតិបត្តិការនេះសម្រេចទទួលបានជោគជ័យ។

ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យគណ:ប្រតិភូ រៀបចំក្រុមការងារបច្ចេកទេសមួយ សហការជាមួយឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកដ្ឋានកសិកម្មដើម្បីរៀបចំឯកសារ អនុស្សារណៈនៃការយោគយល់គ្នា រួមជាមួយផែនទីបង្ហាញផ្លូវមួយច្បាស់លាស់ដើម្បីឈានទៅដល់ការអនុវត្តគម្រោងក្នុងរយៈពេលដ៏ខ្លីខាងមុខ។