នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅតំបន់បឹងជើងឯក ក្នុងភូមិសាស្រ្ដសង្កាត់ចាក់អង្រែលើ និងចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ របស់រដ្ឋបាលរាជធានីភ្នំពេញ (ម្ចាស់គម្រោង) និងសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ដោយក្រុមហ៊ុនទីប្រឹក្សា SAWAC Consultants (CAMBODIA) Co., Ltd.។
កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពីលោក និងលោកស្រី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គាធិការដ្ឋាន ជំនួយការអមក្រសួង និងតំណាងអន្តរក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មន្ទីរបរិស្ថានរាជធានីភ្នំពេញ និងតំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា ចំនួន ៣៧នាក់។
ជារួម អង្គប្រជុំ បានទទួលលទ្ធផល ដូចខាងក្រោម៖
១- គាំទ្រលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ
២- ម្ចាស់គម្រោង ត្រូវសហការល្អជាមួយអាជ្ញាធរដែនដី និងមន្ទីរពាក់ព័ន្ធ ដើម្បីកាត់បន្ថយហេតុប៉ះពាល់ដែលអាចកើតឡើងដោយសារសកម្មភាពគម្រោង
៣- ម្ចាស់គម្រោង ត្រូវគ្រប់គ្រងសំណល់គ្រប់ប្រភេទឱ្យបានត្រឹមត្រូវ ដោយគោរពទៅតាមបទដ្ឋានបច្ចេកទេសកំណត់របស់ស្ថាប័នជំនាញ
៤- ម្ចាស់គម្រោង ត្រូវជួយចែករំលែកបទពិសោធន៍លើបច្ចេកទេសគ្រប់គ្រងប្រព័ន្ធប្រព្រឹត្ដកម្មទឹកកខ្វក់នេះ
៥- ម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាត្រូវកែសម្រួលរបាយការណ៍ស្របតាមមតិយោបល់ជាវិជ្ជមាន ជាបច្ចេកទេស ដូចជាការបញ្ចូលអនុក្រឹត្យ និងគោលនយោបាយនានា ដែលអង្គប្រជុំបានលើកឡើង ដើម្បីដាក់បញ្ចូលទៅក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញនេះ៕