កិច្ចប្រជុំអន្តរក្រសួង​ ស្តីពីការ​ពិនិត្យ និងផ្តល់​យោបល់លើរបាយការណ៍​វាយ​តម្លៃ​ហេតុប៉ះ​ពាល់​បរិស្ថាន និងសង្គម​ដំបូង ​(IESIA​​​) សម្រាប់​គម្រោង​អាជីវកម្ម​ថ្មសំណង់


ទីស្តីការក្រសួងបរិស្ថាន​ នៅរសៀល ថ្ងៃពុធ​ ៨កេីត​ ខែមិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ​ ឆ្នាំ២០១៩ ឯកឧត្តម ផៃ​ ប៊ុនឈឿន​ រដ្ឋលេខាធិការប្រចាំ​ការ​នៃក្រសួងបរិស្ថាន​ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការ​ពិនិត្យ និងផ្តល់​យោបល់លើរបាយការណ៍​វាយ​តម្លៃ​ហេតុប៉ះ​ពាល់​បរិស្ថាន និងសង្គម​ដំបូង ​(IESIA​​​) សម្រាប់​គម្រោង​អាជីវកម្ម​ថ្មសំណង់ ​លើ​ផ្ទៃដី​ទំហំ ២០,៩២​ហិកតា ដែល​មាន​ទីតាំង​ស្ថិត​នៅ​តំបន់ភ្នំ​ស្រួច (ភ្នំក្រោម) ក្នុងភូមិសាស្រ្ត​ភូមិ​ក្រាំង​ខ្ជាយ ឃុំ​តាំងស្យា ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ របស់​ក្រុមហ៊ុន ឆាយណា ស៊ុយ តាយ រ៉ក់ ហ្វេកធើរី (ម្ចាស់គម្រោង) ដែល​សិក្សា និង​រៀបចំ​របាយការណ៍​វាយ​តម្លៃ​ដោយក្រុម​ហ៊ុន​ទីប្រឹក្សា អេស ប៊ី ខេ រីស៊ើច អេន ឌីវេឡុបមេន។

កិច្ចប្រជុំនេះ​ មានសមាសភាពចូលរួមពីតំណាង​អគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួង​បរិស្ថាន អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយ​ចីរភាព​ តំណាង​​អន្តរក្រសួងពាក់ព័ន្ធ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា រដ្ឋបាល​ខេត្តកំពង់ស្ពឺ​ មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ អង្គការ DPA នាយកដ្ឋាន​​វាយតម្លៃហេតុប៉ះ​ពាល់​​បរិស្ថាន​នៃ​ក្រសួង​បរិស្ថាន តំណាង​ម្ចាស់​គម្រោង និងក្រុមហ៊ុន​ទីប្រឹក្សា​ សរុបប្រមាណ​ ៣៦នាក់។

ជារួម​ អង្គប្រជុំ​ បានទទួលលទ្ធផល​ ដូចខាងក្រោម៖
១-​ អង្គប្រជុំ​ បានគាំទ្រគម្រោងអាជីវកម្មថ្ម​សំណង់នេះ ដើម្បីចូលរួមអភិវឌ្ឍ​វិស័យ​សំណង់ និងផ្តល់ចំណូលចូលថវិកាជាតិ តាមរយៈការបង់ពន្ធ និងការបង់សួយសារ
២-​ ម្ចាស់គម្រោង​ ត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សាធ្វើបច្ចុប្បន្នភាព​របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងនេះ
៣-​ ម្ចាស់គម្រោង​ ត្រូវយកចិត្តទុកដាក់​ដោះ​ស្រាយ​ផល​ប៉ះពាល់​ជា​មួយ​​ប្រជាពលរដ្ឋ និង​សាលារៀន ដែល​ប៉ះពាល់ដោយសំឡេង និងរំញ័រ និងការ​ហុយធូលីចេញពីការបំផ្ទុះថ្ម កិនថ្ម និងការដឹកជញ្ជូនថ្ម ឱ្យ​បាន​រួចរាល់
៤-​ ម្ចាស់គម្រោង​ ត្រូវរៀបចំឯកសារពាក់ព័ន្ធឱ្យបានគ្រប់គ្រាន់ ព្រមទាំងចុះបញ្ជី​ដីធ្លី​ឱ្យ​បាន​ច្បាស់លាស់
៥-​ បញ្ហាផ្លូវដឹកជញ្ជូន ម្ចាស់គម្រោងត្រូវសាងសង់ផ្លូវបេតុងចេញពីការដ្ឋានភ្ជាប់មក​ផ្លូវជាតិ​លេខ៤ ប្រវែង ៦៥០ម៉ែត្រ ឱ្យបានរួសរាន់ ដោយ​សហការជាមួយអាជ្ញាធរមូលដ្ឋាន
៦-​ ម្ចាស់គម្រោង​ ត្រូវរួមចំណែកជួយអភិវឌ្ឍន៍ការងារសង្គមនៅក្នុងសហគមន៍មូលដ្ឋាន
៧-​ ម្ចាស់គម្រោង​ ត្រូវកែសម្រួលរបាយការណ៍នេះ​ ស្របតាមស្មារតីអង្គប្រជុំ​៕