គណៈកម្មាធិការអាយស៊ីស៊ី-អង្គរបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៣ និងពេញអង្គលើកទី២៦


នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១០-១១ ខែធ្នូ ឆ្នាំ២០១៩ គណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ កំពុងរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៣ និងពេញអង្គលើកទី២៦ ដើម្បីតាមដានរាល់អនុសាសន៍ដែលគណៈកម្មាធិការនេះបានដាក់ជូនទៅតាមការដ្ឋានអភិរក្សជួសជុល និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ។

កិច្ចប្រជុំរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ដឹកនាំដោយសហប្រធានបារាំងនិងជប៉ុន និងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា។ ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការចូលរួមពីតំណាងជាន់ខ្ពស់នៃប្រទេសជាសមាជិកគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ក្រសួងព្រះបរមរាជវាំង ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ ក្រសួងទូរគមនាគមន៍និងប្រៃសណីយ៍ សាលាខេត្តសៀមរាប មន្រ្តីរាជការ ព្រមទាំងបុគ្គលិករបស់អាជ្ញាធរជាតិអប្សរាប្រមាណជាង៣០០នាក់។

ប្រធានបទសំខាន់ៗដែលនឹងត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំរួមមាន៖ តាមដានការអនុវត្តអនុសាសន៍ដែលអ្នកជំនាញការចំពោះកិច្ច (AdHoc) នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរបានដាក់ជូនអង្គប្រជុំនាពេលមុនៗ របាយការណ៍បច្ចេកទេសថ្មីៗអំពីលទ្ធផលនៃកិច្ចការអភិរក្ស ស្រាវជ្រាវ និងបុរាណវិទ្យា ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ។

ក្រៅពីការវាយតម្លៃលើការងារនៅតាមការដ្ឋាន កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ក៏ជាឱកាសមួយក្នុងការចែករំលែកចំណេះដឹងទាក់ទងនឹងគំហើញថ្មីៗនៃកិច្ចការស្រាវជ្រាវ ការអភិរក្ស ជួសជុលបុរាណដ្ឋានក្នុងតំបន់អង្គរ។ មិនតែប៉ុណ្ណោះក៏ទទួលបានចំណេះដឹង បទពិសោធន៍ការងារពីកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ រួមទាំងបានផ្តល់ឱកាសឱ្យអ្នកជំនាញខ្មែរបានបង្ហាញសមត្ថភាព និងឡើងធ្វើបទបង្ហាញពីលទ្ធផលការងាររបស់ខ្លួនជាភាសាជាតិនិងអន្តរជាតិដល់អ្នកជំនាញការនៃកិច្ចប្រជុំផងដែរ។

កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ត្រូវបានធ្វើឡើងរៀងរាល់២ដងក្នុងមួយឆ្នាំ តែរៀងរាល់ចុងឆ្នាំគឺទាំងកិច្ចប្រជុំបច្ចេកទេសផងនិងពេញអង្គផង ក៏ព្រោះការជួប១ឆ្នាំម្តង ពុំស្របនឹងទំហំការងារ ធ្វើឱ្យគណៈកម្មាធិការបច្ចេកទេស ពុំមានពេលវេលាគ្រប់គ្រាន់សម្រាប់ពិភាក្សានិងចុះពិនិត្យតាមការដ្ឋានជាមួយអ្នកបច្ចេកទេសបានលម្អិត។

គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ(ICC-Angkor) បានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោយសនិ្នសីទអន្តរជាតិលើកទី១ស្តីពីអង្គរនៅទីក្រុងតូក្យូ ប្រទេសជប៉ុន តាមសំណូមពររបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពេលទទួលចុះអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការបង្កើតយន្តការអន្តរជាតិ ICC សម្រាប់អង្គរ ជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំង៥ ដែលតម្រូវឱ្យអាជ្ញាធរកម្ពុជាបំពេញក្នុងរយៈពេល៣ឆ្នាំ (១៩៩៣-១៩៩៦)។ សមាជិកនៃអាយស៊ីស៊ី (ICC) មានចំនួន៣៧ប្រទេស មកពីទ្វីប៥ និងមានអង្គការអន្តរជាតិចំនួន១៣ទៀតចូលរួមជាសមាជិកដែរ៕