ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បញ្ជាគ្រឿងចក្រ បើកការដ្ឋានការងារស្តារអូរ ប្រឡាយ​ ៥ខ្សែ​ ខេត្តព្រះសីហនុ (អូរឈេីទាល​ អូរអេម៉ារីអូ​ អូរសំអាត​ អូរអណ្តូងអ៊ុនតាក់​ អូរស្ពានឆេះ)​ គ្រោងចំណាយថវិកា​ ប្រមាណ​ ១០​ ពាន់លានរៀល


ថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញើញជាអធិបតីក្នុងពិធីបើក ការដ្ឋានការងារស្តារអូរប្រឡាយទាំង៥ ខ្សែនៅខេត្តព្រះសីហនុ ខេត្តព្រះសីហនុ (អូរឈេីទាល​ អូរអេម៉ារីអូ​ អូរសំអាត​ អូរអណ្តូងអ៊ុនតាក់​ អូរស្ពានឆេះ)​ គ្រោងចំណាយថវិកា​ ប្រមាណ​ ១០​ ពាន់លានរៀល​ ដោយមានការចូលរួមពី​ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ ឯកឧត្ដម​ ជាម​ ហ៊ីម​ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្ដម​គួច​ ចំរេីន​ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ​ អាជ្ញាធរដែនដី ក្រុមជំនាញការ​ និងភាគីពាក់ព័ន្ធផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលើកិច្ចការអាទិភាពក្នុង ការស្តារអូធម្មជាតិទាំង៥ និងលូដែលមានស្រាប់ដែលសព្វថ្ងៃកំពុងទទួលរងនូវការរំលោភយកដីចំណីអូរ និងប្រឡាយដើម្បីបើកមុខទឹកនិងដោះស្រាយជំនន់ទឹកភ្លៀង ការកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និង ការពង្រីកប្រព័ន្ឋលូ និងតម្រូវការហេដ្ឋារចនាសម្ព័ន្ឋរូបវន្តផ្សេងទៀត។

សូមជម្រាបជូនថា៖ នៅឆ្នាំ២០១៨ បរិមាណបញ្ចេញទឹកកខ្វក់នៅខេត្តព្រះសីហនុមានរហូតដល់ ២៥ ០០០ ម៉ែត្រគីប/ថ្ងៃ ហើយត្រូវបានព្យាករណ៍ថា៖ នឹងកើនឡើងដល់៤៧ ០០០ម៉ែត្រគីប/ថ្ងៃនៅឆ្នាំ២០២៣ និង អាចបន្តកើនរហូតដល់ ៦៤ ០០០ម៉ែត្រគីប/ថ្ងៃ នៅឆ្នាំ២០៣០ផងដែរ។ ហេតុដូច្នេះរាជរដ្ឋាភិបាល កំពុងគិតគូរ លើវិធានការដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ឋក្នុងក្រុងព្រះសីហនុដោយយកចិត្តទុកដាក់ បំផុត ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តនេះឱ្យកាន់តែប្រសើរឡើងថែម ទៀត។

ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានរំឭកឡើងវិញអំពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឲ្យ ប្រើប្រាស់ថវិកាសន្សំរបស់រាជរដ្ឋាភិបាល ជាពិសេសត្រូវ អនុវត្តនូវគោលការណ៍ «យកស្លឹកត្នោតខ្ចប់ស្ករត្នោត» ក្នុងការស្ថាបនា ជួសជុល កសាងផ្លូវក្នុងក្រុង ផ្លូវវាងក្រុង ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ក្នុងខេត្តព្រះសីហនុ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ អំពីសារសំខាន់នៃសក្តានុពលពីធម្មជាតិរបស់ខេត្តព្រះសីហនុ ដែលមានតំបន់ឆ្នេរ ព្រៃធម្មជាតិស្រស់ត្រកាល អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ វិនិយោគិន បង្កើតការងារធ្វើ និងបានលើកឡើងពីការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ជាក់ស្តែងកាល ពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុចំនួន ៣៤ខ្សែ ប្រវែង ៨៤,៥០៥ គីឡូ ម៉ែត្រ ដែលផ្លូវទាំងនេះមានគុណភាពរឹងមាំ និងសោភ័ណភាពអាចបំរើឱ្យវិស័យទេសចរណ៍របស់យើង បាន។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពី៖ ការពង្រីកកំពង់ផែទឹកជ្រៅអាចដឹក ជញ្ជូនកាន់តែមានភាពងាយស្រួល ឱ្យនាវាធុនធំចេញចូល ធ្វើឱ្យតម្លៃដឹកជញ្ជូនកាន់តែថោក ការជំរុញការ កសាងពង្រីកព្រលានយន្តហោះអន្តរជាតិ អាចឱ្យយន្តហោះប្រភេទធុនធំចុះចតបានងាយស្រួល ដើម្បី បម្រើសេវាតាមផ្លូវអាកាសកាន់តែមានភាពងាយស្រួល និងគម្រោងកសាងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជ ធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ ដែលគ្រោង​ ដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២២ខាងមុខ៕