កិច្ចប្រជុំបេសកកម្មគាំទ្រការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងកែលម្អអនាម័យ (WaSSIP Implementation Supporting Mission) ជាមួយក្រុមការងារធនាគារពិភពលោក


កាលពីថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ លោក ចន្ឋី សុជីវ៉ា អគ្គនាយករង តំណាងអោយឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយក នៃអគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំបេសកកម្មគាំទ្រការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងកែលម្អអនាម័យ (WaSSIP Implementation Supporting Mission) ជាមួយក្រុមការងារធនាគារពិភពលោក ដឹកនាំដោយលោក កូវ ភារម្យ ប្រធានដឹកនាំក្រុមការងារ និងមានការចូលរួមពីតំណាងមកពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលជាក្រុមការងារ នៃអង្គភាពគ្រប់គ្រងគម្រោងផ្គត់ផ្គង់ទឹកស្អាត (CMU1) និងមន្ត្រីគម្រោងមកពីនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៃអង្គភាពគ្រប់គ្រងគម្រោងកែលម្អអនាម័យ (CMU2) តភ្ជាប់លូខ្នែង និងលូខ្នែងរង ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

គោលបំណងនៃកិច្ចប្រជុំ គឺពិនិត្យលើរបាយការណ៍ជំនួយស្មារតីកាលពីខែមិថុនា ឆ្នាំ២០១៩ និងគាំទ្រដល់ក្រសួងពាក់ព័ន្ធក្នុងការពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង ព្រមទាំងពិភាក្សាបច្ចេកទេស និងតាមដានធ្វើបច្ចុប្បន្នភាពលើផែនការសកម្មភាពក្នុងតារាងម៉ាទ្រីស ដែលបានអនុម័តមួយចំនួន ដូចជាផែនការប្រចាំឆ្នាំ និងផែនការ៥ឆ្នាំ របស់គម្រោង ការរៀបចំគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងលទ្ធកម្ម និងបញ្ហាផលប៉ះពាល់បរិស្ថាន ប្រជាពលរដ្ឋងាយរងគ្រោះ និង ផាសុកភាពសាធារណៈ ៕