ទ័ព​វរ​សេនា​ធំ​លេខ​១៦​ថៃ​បានផ្តល់​កូន​ត្រី​ចំនួន​១​ម៉ឺន​កូន​ដល់​កងទ័ព​ខ្មែរ​នៅ​ព្រំដែន


(ព្រះ​វិហារៈ)៖មេបញ្ជាការ​វរ​សេនា​ធំ​លេខ​១៦​ថៃ​ឈរជើង​ជួរមុខ​ទិស​ទី​១​ប្រាសាទព្រះវិហារ​បានផ្តល់​ពូជ​ត្រី​ចម្រុះ​ចំនួន​១​ម៉ឺន​កូន​ជា​លើក​ទី​បី​ដល់​មេ​បញ្ជាការដ្ឋាន​កងពល​តូច​អន្តរាគមន៍​លេខ​៨​ដើម្បី​ធ្វើ​ពិធី​ប្រលែង​ជា​បន្តបន្ទាប់​ចូលទៅក្នុង​ស្រះ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​។​

​ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ថ្ងៃ​៩​ខែធ្នូ​ឆ្នាំ​២០១៩​ស្ថិតក្រោម​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ច័ន្ទ​សុខុន​មេបញ្ជាការរង​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​លី​ស៊ុន​មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៨​។​ក្រោម​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​វរសេនីយ៍ឯក​អក្ខរៈ​ផុន​មួន​ប្រា​ដាប់​មេបញ្ជាការ​វរ​សេនា​ធំ​លេខ​១៦ និង​ជា​មេបញ្ជាការ​ទិស​ទី​១ ប្រាសាទព្រះវិហារ និង​លោក វរសេនីយ៍ឯក ប៊ុន​សឺ​ម ប៊ុន​បាំ​រ៉ុង​ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​ថៃ​=​កម្ពុជា​ប្រចាំ​តំបន់​ទី​១​និង​ជា​មេបញ្ជាការរង​វរ​សេនា​ធំ​លេខ​១៦​ព្រមទាំង​ក្រុមយុវជន​ស្ម័គ្រចិត្ត​អន្តរៈក្រសួង​និង​នាយពល​ទាហាន​គ្រួសារ​កងទ័ព​យ៉ាងច្រើន​កុះករ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ច័ន្ទ​សុខុន​មេបញ្ជាការរង​នាយសេនាធិការ​បាន​ថ្លែងថា​កូន​ត្រី​ដែល​អង្គភាព​ធ្វើការ​ប្រលែង​នៅថ្ងៃនេះ​មាន​ចំនួន​១​ម៉ឺន​កូន​។​ក្នុងនោះ​មានពូជ​កូន​ត្រី​អណ្តែង​កូន​ត្រី​ឡាប់​យ៉ា​និង​ពូជ​កូន​ត្រី​ប្រភេទ​ផ្សេងៗ​ដ៏ទៃទៀត​ផងដែរ​។​លោ​កថា​ពូជ​ត្រី​ចម្រុះ​ទាំងអស់នេះ​គឺជា​ការជួយឧបត្ថម្ភ​ពី​សំណាក់​មេបញ្ជាការ​វរ​សេនា​ធំ​លេខ​១៦​ថៃ​។​

​នេះ​ក៏​ជា​លើក​ទី​បី​ដែរ​ដែល​អង្គភាព​យើងខ្ញុំ​ទទួលបាន​ការជួយឧបត្ថម្ភ​នូវ​ពូជ​កូន​ត្រី​ចម្រុះ​ដើម្បី​ធ្វើការ​ប្រលែង​នៅក្នុង​ស្រះ​ទឹក​ទំហំ​ទទឹង​៣០០​ម៉ែត្រ​បណ្តោយ​៦០០​ម៉ែត្រ​និង​មាន​ជម្រៅ​ជាង​៤​ម៉ែត្រ​។​មាន​ទីតាំង​ស្ថិតនៅក្នុង​ទីបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៨​ក្នុងភូមិ​ចំបក់​សែន​ជ័យ​ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ច័ន្ទ សុខុន មេបញ្ជាការរង នាយសេនាធិការ​កងពល​តូច​អន្តរាគមន៍​លេខ​៨ បានលើកឡើង​ដោយ​បញ្ជាក់​បន្ថែមថា កងកម្លាំងប្រដាប់អាវុធ​កម្ពុជា និង​កងកម្លាំងប្រដាប់អាវុធ​ថៃ ឈរជើង​ជួរមុខ​តាម​បណ្តោយ​ព្រំដែន នៃ​ប្រទេស​ទាំងពីរ នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ ។​ទាំង​ការដើរ​ល្បាត​រួមគ្នា​តាម​ភូមិសាស្ត្រ​ដែល​អង្គភាព​ខ្លួន​ទទួលខុសត្រូវ​ដោយ​យកចិត្តទុកដាក់​ខ្ពស់​នៅក្នុង​ការជួយ​គ្នា​ទប់ស្កាត់ នូវ​រាល់​បទល្មើស​គ្រប់​ប្រភេទ ដែល​លបលួច​ឆ្លងដែន​ដោយ​ខុសច្បាប់​។​

​ជាមួយគ្នា​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ច័ន្ទ​សុខុន​បាន​លើកឡើងថា​ចំពោះ​ត្រី​ដែល​អង្គភាព​ធ្វើការ​ប្រលែង​ទាំងអស់នេះ វា​មិនមែនជា​របស់​បុគ្គល​ណា​ម្នាក់​នោះទេ​។ ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ថែរក្សា ដោយ​មិន​អនុញ្ញាត​ឲ្យ​នាំយក​នូវ​ឧបករណ៍​ដែល​ខុសច្បាប់​ចុះ​ធ្វើ​ការនេសាទ​នៅក្នុង​ស្រះ​ទឹក​នេះ​ជាដាច់ខាត​។ បើ​ពុំ​នោះទេ​និង​ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង ក្រោយពី​ក្រុមការងារ​បង្ក្រាបបាន​។​

​សូមជម្រាបថា​កាលពី​ឆ្នាំ​២០១៧​មេបញ្ជាការ​វរ​សេនា​ធំ​លេខ​១៦​ថៃ​បានធ្វើ​ការផ្តល់ជូន​នូវ​ពូជ​កូន​ត្រី​ចម្រុះ​ចំនួន​៣​ម៉ឺន​កូន​ដល់​អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ​៨​ម្តង​ហើយ​។​នៅ​ចុងឆ្នាំ​២០១៩​នេះ​មេបញ្ជាការ​វរ​សេនា​ធំ​លេខ​១៦​ថៃ​បាន​បន្ត​ជួយឧបត្ថម្ភ​នៅ​ពូជ​កូន​ត្រី​ចម្រុះ​ចំនួន​ពី​ដង​សរុប​ចំនួន​៣​ម៉ឺន​កូន​បន្ថែមទៀត​៕