លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី បានទទួលជួប ឯកឧត្តម ជឿង ហ័រប៊ីញ ឧបនាយករដ្ឋមន្ត្រីប្រចាំការ នៃសាធារណរដ្ឋសង្គម​និយម​​វៀត​ណាម


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលជួប ឯកឧត្តម ជឿង ហ័រប៊ីញ ឧបនាយករដ្ឋមន្ត្រីប្រចាំការ នៃសាធារណរដ្ឋ សង្គម​និយម ​វៀត​ណាម និងគណៈប្រតិភូ ដើម្បីសម្តែងការគួសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រសៀលថ្ងៃព្រហស្បត្តិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.៣៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ។

ក្នុងជំនួបនោះ ឯកឧត្តម ជឿង ហ័រប៊ីញ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ​បានអនុញ្ញាតអោយឯកឧត្តមបានជួបសម្ដែងការគួរសមនាពេលនេះ​ ។ ក្នុងឱកាសដែល​ ឯកឧត្តម​ មកបំពេញទស្សនៈកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១២-១៣ ខែធ្នូ ឆ្នាំ២០១៩។

ឯកឧត្តម​ បានបញ្ជាក់ថា កម្ពុជាជាប្រទេសដ៏ស្រស់បំព្រងដែលគួរឲ្យចង់រស់នៅនិងស្នាក់អាស្រ័យ ។ ក្នុងន័យនេះ ឯកឧត្តម ក៏បានកោតសសើរសម្តេចតេជោ ក្នុងការដឹកនាំប្រទេសកម្ពុជាឲ្យមានការរីកចម្រើន និងការអភិវឌ្ឍន៍លើគ្រប់វិស័យដោយ រក្សាបាននូវស្ថានភាពសេដ្ឋកិច្ចបានយ៉ាងល្អ ដែលការអភិវឌ្ឍន៍ទាំងនោះគឺមិនអាចកាត់ផ្តាច់បានទេពីចំណង សហប្រតិបត្តិការណ៍គ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ ។

ជាការឆ្លើយតប លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ក្រោមការ​ដឹកនាំ​ប្រកប​​​ដោយ គតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន​នេះ​កម្ពុជា​​ទទួល​បាន​នូវស្ថិរភាព សន្ដិសុខ​ និង​សន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេស​វិស័យវិនិយោគ ពាណិជ្ជកម្ម​ និងទេសចរណ៍​​។ ដោយ​ឆ្លង​កាត់កំណែទម្រង់ជាច្រើន ជាពិសេស ​កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ កំណែ​​ទម្រង់​រដ្ឋបាលសាធារណៈ និងកំណែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ក្នុងរយៈ​ពេល​២០​ឆ្នាំ​​ចុងក្រោយ​នេះ ប្រទេសកម្ពុជាមាន​កំណើន​​​​សេដ្ឋកិច្ច​​ជា​មធ្យម ប្រមាណ​ ៧% ដែលនាំឲ្យចំណូលរបស់​ប្រជាជន​​​ទូ​ទាំង​ប្រទេស​កាន់តែមានភាពប្រសើរឡើង ដែល​អាច​ឈាន​ឆ្ពោះ​​ទៅជា​ប្រទេស​​​ដែលមានចំណូលមធ្យម កំរិតខ្ពស់នៅឆ្នាំ ២០៣០ និង​ចំណូលខ្ពស់​នៅ​ឆ្នាំ ២០៥០​។

លោកជំទាវក៏បានចូលរួមអបអរសាទរ​ចំពោះ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ដែលបាន​ជាប់​ឆ្នោតជា​សមាជិក ​មិន​អចិន្ត្រៃយ៍ នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ស​​ម្រាប់​​អាណត្តិ​ឆ្នាំ​២០២០​-២០២១​ ​ដែលបញ្ជា​ក់ ពី​កា​​​រគាំទ្រ​របស់​ពិភព​លោក​ចំពោះតួនាទី​ និ​ងការចូល​រួមចំណែក​ដ៏សំខាន់​របស់​វៀត​ណាមនៅ​ក្នុងកិច្ចខិត​ខំ ប្រឹង​ប្រែងដោះស្រាយបញ្ហាតំបន់ ​និងពិភពលោក។
ទស្សនៈកិច្ចរបស់ឯកឧត្តម ដើម្បីបន្តរិតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំទ្វេរឡើងថែមទៀត ពិសេស ពង្រឹងលើវិស័យការពារជាតិ វិស័យយុត្តតិធម៌ វិស័យអធិការកិច្ច និងវិស័យមួយចំនួនទៀត។

ជាទីបញ្ចប់លោកជំទាវក៏បានជូនពរឲ្យគណៈប្រតិភូទទួលបាននូវការស្នាក់នៅប្រកបដោយផាសុខភាព និងទទួលបានជោគជ័យក្នុងបេសកកម្មនៅព្រះរាចាណាចក្រកម្ពុជា។