ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំក្រសួង


ថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញើញដឹកនាំកិច្ចប្រជុំប្រចាំ សប្តាហ៍របស់ថ្នាក់ដឹកនាំក្រសួង ដោយមានការចូលរួមពីមន្ត្រីមកពីប្រធានអង្គភាពពាក់ព័ន្ធក្រោមឱវាទ ក្រសួង។

កិច្ចប្រជុំនេះផ្តោតជាសំខាន់លើការធ្វើបទបង្ហាញស្តីពីប្រព័ន្ធគ្រប់គ្រងទិន្នន័យទីតាំងផ្លូវតាមរយៈពេលគេហទំព័រ និងការងារពាក់ព័ន្ធស្តីពីបច្ចុប្បន្នភាពនៃដំណើរការប្រព័ន្ធលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន និង បញ្ហាផ្សេងៗផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីអង្គភាពពាក់ព័ន្ធស្រង់ទិន្នន័យទីតាំងផ្លូវទាំងអស់ដើម្បីដាក់ចូល ក្នុងមូលដ្ឋានទិន្នន័យ(Database)របស់ក្រសួង ដើម្បីអាចទាញយកមកប្រើប្រាស់ក្នុងករណីចាំបាច់ ពិសេសគួរពិនិត្យលទ្ធភាពលីងប្រព័ន្ធគ្រប់គ្រងទិន្នន័យ(Link)នេះ ទៅក្នុងកម្មវិធីថែទាំផ្លូវ (Road Care Mobile App)។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាប្រចាំឆ្នាំ បានផ្តល់សេចក្តីទុកចិត្តដល់វិនិយោគិនជាតិនិងអន្តរជាតិក្នុងការ វិនិយោគនៅកម្ពុជា ជាពិសេសគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ដែលគ្រោង ចំណាយថវិកាប្រមាណ ២,០១៩លាន ដុល្លារសហរដ្ឋអាមេរិក។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំអំពីគម្រោងដាក់ឱ្យដំណើរការក្នុង ពេលឆាប់ៗនូវលេខពិសេសផ្ទាល់ខ្លួន ដែលលេខផ្នែកខាងលើសរសេរអក្សរខ្មែរ “កម្ពុជា” ផ្នែកកណ្ដាលជា លេខ ឬ/និងអក្សរឡាតាំង ដែលប្រជាពលរដ្ឋអាចដាក់មិនលើសពី៨(ប្រាំបី)ខ្ទង់ និងផ្នែកខាងក្រោម សរសេរអក្សរឡាតាំង “CAMBODIA” នៅពីក្រោមបន្ទាត់ផ្តេក ក្នុងគោលបំណងរួមចំណែកបង្កើនប្រាក់ ចំណូលជាតិបន្ថែម ក៏ដូចជាដើម្បីផ្តល់ជម្រើសសម្បូរបែបដល់បងប្អូនប្រជាពលរដ្ឋ ដោយគោរពតាម និយាមការណ៍អន្តរជាតិ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យមន្ត្រីក្រោមឱវាទ រៀបចំផែនការបណ្តុះបណ្តាលតាមជំនាញតាម អង្គភាពរៀងៗខ្លួន ដើម្បីក្រសួងអាចលើកយកទៅពិភាក្សាជាមួយដៃគូអភិឌ្ឍន៍ ដើម្បីចូលរួមចំណែកពង្រឹងសមត្ថភាពមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យបំពេញការងារបានកាន់តែប្រសើរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីជំនាញចាក់សំឡេងទាក់ទងនឹង ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានណែនាំឱ្យមន្ត្រីទាំងអស់ដោះស្រាយ បញ្ហានៅនឹងកន្លែង មានសាមគ្គីភាពរឹងមាំ និងប្រព្រឹត្តតែអំពើសុចរិតប៉ុណ្ណោះ៕