ជំនួបពិភាក្សា ពីឱកាសវិនិយោគទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា​ រវាង​ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង តំណាងក្រុមហ៊ុន Rafulin Holdings Sdn Bhd


ថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Rafulin Holdings Sdn Bhd ចូលជួបពិភាក្សាការងារ អំពីឱកាសវិនិយោគទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកពិសេស ព្រមទាំងមន្ត្រីជំនាញ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅកម្ពុជា ជាពិសេសការសាងសង់ផ្លូវថ្នល់ ស្ពាន ផ្លូវដែក ជាដើម សំដៅជំរុញនូវការតភ្ជាប់នៅទូទាំងប្រទេស ដែលមានលក្ខណៈពហុមធ្យោបាយ និងបណ្តាគម្រោងសាងសង់ធំៗជាច្រើនទៀត រួមមានផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសហីនុ និងភ្នំពេញ-បាវិត ជាដើម។ ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ ថា ដើម្បីឆ្លើយតបទៅនឹងការកកស្ទះចរាចរណ៍ ដោយសារកំណើននៃយានយន្ត និងតម្រូវការនៃដឹកជញ្ជូន ក្រសួងបានពិនិត្យអំពីលទ្ធភាពនៃការប្រើប្រាស់ប្រព័ន្ធ Automated Guideway Transit (AGT) កសាងផ្លូវក្រវ៉ាត់ក្រុងទី៤ Monorail ឬ ផ្លូវក្រោមដី ជាដើម។

ឆ្លៀតក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីជម្រាបជូនអំពីការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល តាមរយៈច្បាប់វិនិយោគ ដែលអនុញ្ញាតឱ្យមានកិច្ចសន្យារយៈពេលវែង ការកាន់កាប់នូវទុន១០០ភាគរយ ការបើកចំហរការវិនិយោគលើគ្រប់វិស័យ ការអនុគ្រោះពន្ធ។ល។ ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាព ក្នុងការចូលរួមដាក់ទុនវិនិយោគក្នុងការកសាងនិងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

ជាការឆ្លើយតប តំណាងក្រុមហ៊ុនក៏បានថ្លែងអំណរគុណដល់ឯកឧត្តមទេសរដ្ឋមន្ត្រីចំពោះទស្សនវិស័យទៅលើការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការចូលរួមបណ្តាក់ទុនវិនិយោគនៅកម្ពុជា។