ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតពេទ្យ ២,៥៨៨នាក់


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យ ២,៥៨៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីប្រគល់សញ្ញាបត្រនេះ បានធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាក្តីរីករាយដែលនៅថ្ងៃនេះកម្ពុជាទទួលបានធនធានមនុស្សបន្ថែមលើវិស័យសុខាភិបាល គ្រាដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើគោលនយោបាយគាំពារសង្គម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេល១៩៨ថ្ងៃចាប់ពីពេលអនុវត្តន៍ ស្ត្រី និងកុមារមកពីគ្រួសារក្រីក្រ ជាង១០ម៉ឺនករណីហើយ ទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល បានផ្តល់ថវិកាប្រមាណ១០ពាន់លានរៀលហើយ សម្រាប់ឧបត្ថម្ភដល់ស្ត្រី និងកុមារ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកាប្រមាណ៥៥ពាន់លានរៀលហើយ សម្រាប់កម្មការិនីដែលឆ្លងទន្លេមានជាង ១០ម៉ឺននាក់ គិតចាប់ពីឆ្នាំ២០១៨ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនអាចទទួលយកបានឡើយចំពោះការលើកឡើងថា គ្រូពេទ្យ៩០ភាគរយមិនល្អ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវតែយកមកគិត និងពិចារណាចំពោះការត្អូញត្អែររបស់ប្រជាពលរដ្ឋមួយចំនួនលើបញ្ហាគ្រូពេទ្យ ហើយត្រូវធ្វើការកែលំអរនូវអ្វីដែលប្រជាពលរដ្ឋលើកឡើង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជារឿងមោទនភាពមួយសម្រាប់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានវិវឌ្ឍន៍ពីស្ថានភាពដ៏លំបាក មកកាន់ស្ថានភាពរីកចម្រើនដូចពេលបច្ចុប្បន្ន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីឆ្នាំសិក្សា១៩៨០-១៩៨១ ដល់ឆ្នាំ ២០១៨-២០១៩ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានបណ្តុះបណ្តាលនិស្សិតចំនួន ២៧,៥៥៩នាក់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការវះកាត់ដូរក្រលៀន និងសរីរាង្គមួយចំនួនរបស់មនុស្ស អាចធ្វើបានដោយសុវត្ថិភាពនៅមន្ទីរពេទ្យយោធា ឬហៅថាមន្ទីរពេទ្យព្រះកេតុមាលា នៅរាជធានីភ្នំពេញ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានរីកចម្រើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ សម្តេចតេជោ កោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យនៅសាកលវិទ្យាល័យនេះ។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យនិស្សិតពេទ្យ និងគ្រូពេទ្យ ប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាព ជាពិសេសឆ្លើយតបឱ្យទាន់ជំងឺដែលកើតថ្មីៗ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានតែស្ថាប័នក្រសួងអប់រំ និងសុខាភិបាលប៉ុណ្ណោះ ដែលបានអនុញ្ញាតឱ្យជ្រើសរើសមន្ត្រីបម្រើក្របខណ្ឌច្រើនជាងគេ។ នៅឆ្នាំ២០២០ក្រសួងអប់រំ ឱ្យជ្រើសរើស ៣,៦០០នាក់ និងក្រសួងសុខាភិបាលជ្រើសរើស ១,៣០០នាក់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុំការយោគយល់ពីមន្ត្រីជាប់កិច្ចសន្យាមួយចំនួន ដែលតែតែងស្នើសុំសម្តេចដើម្បីបានក្របខណ្ឌពេញសិទ្ធិ។ សម្តេចតេជោ បានបញ្ជាក់ថា មិនអាចធ្វើទៅបាននោះឡើយ ដោយស្នើឱ្យគោរពតាមវិធាននានា ជាពិសេសគឺការប្រលង។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកជាថ្មីរឿងសំណើសុំឱ្យពិនិត្យសុខភាពសម្រាប់មន្ត្រីប្រឡងចូលក្របខណ្ឌនៅក្រសួងសុខាភិបាល។ សម្តេចតេជោ បានថ្លែងថា បើសម្តេចឯកភាពលើសំណើនេះ គឺនឹងក្លាយទៅជាសំបុកនៃការប្រព្រឹត្តអំពើពុករលួយ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថា មានការរអ៊ូរទាំពីប្រជាពលរដ្ឋរឿងស្នើសុំធ្វើលិខិតថ្កោលទោស។

* សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យមានការគ្រប់គ្រងគ្លីនិកឯកជន និងឧសថស្ថានឱ្យបានច្បាស់លាស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងស្នើឱ្យគ្លីនិកឯកជន ត្រូវទទួលខុសត្រូវចំពោះអ្នកជំងឺតាំងពីដើមដល់ចប់ ដោយមិនត្រូវពេលអ្នកជំងឺសង្គ្រោះមិនបាន ទើបរុញទៅមន្ទីរពេទ្យរដ្ឋនោះទេ ជាពិសេសមន្ទីរពេទ្យកាល់ម៉ែត។ សម្តេចតេជោ ហ៊ុន សែន ស្នើសុំគ្លីនិកឯកជនកុំឱ្យដណ្តើមអ្នកជំងឺ។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់គ្រូពេទ្យទាំងអស់ដែលមានក្រមសីលធម៌វិជ្ជាជីវៈមិនល្អ ត្រូវតែផ្លាស់ប្តូរឥរិយាបថ និងពាក្យសម្តីរបស់ខ្លួន ដែលបានប្រព្រឹត្តលើអ្នកជំងឺ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការព្យាបាលអ្នកជំងឺគ្មានការបែងចែកនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅមន្ទីរពេទ្យទាំងរដ្ឋ និងឯកជនត្រូវយកចិត្តទុកដាក់ក្នុងការសង្គ្រោះជីវិតប្រជាពលរដ្ឋជាធំ ដោយមិនត្រូវយកលុយជាធំនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គ្រូពេទ្យ និស្សិតពេទ្យសុទ្ធតែលើកឡើងថា ខ្លួនចង់ជួយជីវិតមនុស្សទើបរៀនពេទ្យ ចុះហេតុអ្វីបានជាទៅធ្វើការបែរជាយកលុយធំជាងជីវិតមនុស្ស?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងពេលថ្មីៗនេះសម្តេចបានជួយសង្គ្រោះជីវិតប្រជាពលរដ្ឋពីរនាក់ទៅសំណើរបស់ពួកគេរួមមាន បុរសខ្មែរ-ឥស្លាម កើតបេះដូងរីក និងស្ត្រីម្នាក់កើតជំងឺពោះធំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់និស្សិតពេទ្យថា ត្រូវយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋ និងអ្នកជំងឺដែលស្ថិតនៅក្រោមបន្ទាត់ក្រីក្រ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្របខណ្ឌពេទ្យ និងគ្រូបង្រៀនទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ជាងក្របខណ្ឌដទៃ។ តែសម្តេចតេជោរំពឹងថា កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីក្របខណ្ឌក្រសួង ស្ថាប័នផ្សេង មិនច្រណែនគ្រូពេទ្យ និងគ្រូបង្រៀននោះទេ ព្រោះពួកគេសុទ្ធតែមានកូនទៅរៀន ហើយក៏មានសាច់ញាតិមានជំងឺត្រូវទៅរកការព្យាបាលពីគ្រូពេទ្យ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកគ្រូពេទ្យថា អ្នកជំងឺត្រូវការថ្នាក់ថ្នមខ្លាំងណាស់។ សម្តេចតេជោ បានបញ្ជាក់ថា អ្វីដែលសម្តេចចង់បាន គឺក្រមសីលធម៌របស់គ្រូពេទ្យ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមយុទ្ធសង្គ្រោះគ្រោះមហន្តរាយរវាងកម្ពុជា និងវៀតណាម ធ្វើឡើងតាមរយៈសំណើរបស់សម្តេច។ សមយុទ្ធនេះមិនមែនតែជាមួយវៀតណាមទេ មានជាមួយថៃ និងឡាវផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមយុទ្ធនេះធ្វើឡើង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមព្រំដែនចេញពីគ្រោះមហន្តរាយផ្សេងៗ ដោយការសហការគ្នារវាងកងកម្លាំងកម្ពុជា ជាមួយប្រទេសមានព្រំដែនជាប់គ្នា។

* សម្តេចតេជោ ហ៊ុន សែន បានស្នើកុំឱ្យមានការយល់ច្រឡំលើរឿងសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយរវាងកម្ពុជា និងវៀតណាម ដែលបានធ្វើឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមយុទ្ធនេះ ដើម្បីជួយប្រជាពលរដ្ឋកុំឱ្យរងគ្រោះពេលជួបគ្រោះមហន្តរាយផ្សេងៗ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី២៤ ខែធ្នូនេះ សម្តេចនឹងអញ្ជើញទៅសម្ពោធផ្សារព្រំដែនកម្ពុជា-វៀតណាម នៅក្នុងខេត្តត្បូងឃ្មុំ ដែលជាអតីតសមរភូមិប្រយុទ្ធរបស់សម្តេចនៅឆ្នាំ១៩៧១។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលបំណងរបស់សម្តេចក្រោយដាក់ចេញនយោបាយឈ្នះឈ្នះបញ្ចប់សង្គ្រាមហើយនោះ គឺការបិទបញ្ចប់ភ្លើងសង្គ្រាមនៅតាមព្រំដែន និងប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ ដោះដូរទំនិញជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយឈ្នះឈ្នះជាឱសថទិព្វក្នុងការបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ និងនាំមកនូវការឯកភាពជាតិទាំងមូល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើពិភពលោកនេះមិនទាន់មានប្រទេសណាមួយ ដែលអាចបញ្ចប់សង្គ្រាម នាំមកនូវការបង្រួបបង្រួមដូចកម្ពុជានោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខៀវ សំផន ជាមនុស្សដែលជេរសម្តេចខ្លាំងជាងគេ តែទីបំផុតនៅខែធ្នូ ឆ្នាំ១៩៩៨ ខៀវ សំផន បាននាំភរិយា នាំកូនមកទទួលទានអាហារនៅផ្ទះសម្តេច ហើយសម្តេចបានផ្តល់ថវិកាមួយគ្រួសារប្រមាណ១ម៉ឺនដុល្លារ ដើម្បីកសាងជីវភាព។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រែក្លាយតំបន់ព្រំដែនទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ជាអ្វីដែលសម្តេចចង់បាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសមួយអាចរីកចម្រើនទៅបានត្រូវមានស្ថេរភាពផ្ទៃក្នុង ហើយមានទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទើបមានរយៈពេល២១ឆ្នាំប៉ុណ្ណោះ ដែលកម្ពុជាទទួលបានសន្តិភាព និងឯកភាពជាតិទាំងស្រុង ហើយបានក្លាយជាប្រទេសក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប។ បើគ្មានសន្តិភាព គ្មានឯកភាពជាតិនេះ មិនមានការអភិវឌ្ឍនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីរបាយការណ៍វាយតម្លៃកម្រិតអន្តរជាតិមួយស្តីពីនាយករដ្ឋមន្ត្រីលើពិភពលោក។ ក្នុងនោះមាននាយករដ្ឋមន្ត្រីក្មេងជាងគេ នាយករដ្ឋមន្ត្រីចាស់ជាងគេ នាយករដ្ឋមន្ត្រីមានប្រាក់ច្រើនជាងគេ នាយករដ្ឋមន្ត្រីកាន់តំណែងតិចជាងគេ នាយករដ្ឋមន្ត្រីកាន់តំណែងយូរជាងគេ គឺសម្តេចផ្ទាល់ និងបុគ្គលរង់ចាំធ្វើជានាយករដ្ឋមន្ត្រីយូរជាងគេ។