ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍លើកទឹកចិត្តម្ចាស់អាជីវកម្មដែលលើកស្ទួយទេសចរណ៍ជាតិ និងព្រមានចំពោះអាជីវកម្មដែលបំផ្លាញគោលដៅទេសចរណ៍ជាតិ


(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានថ្លែងលើកទឹកចិត្តចំពោះម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងឡាយ ដែលមានឆន្ទៈចូលរួមលើកស្ទួយវិស័យទេសចរណ៍ និងគោលដៅទេសចរណ៍ជាតិ ប៉ុន្តែត្រូវតែចាត់វិធានការយ៉ាងដាច់ខាតចំពោះមូលដ្ឋានអាជីវកម្មណា ដែលបោកប្រាស់ភ្ញៀវ ដើម្បីតែផលចំណេញមួយពេល ហើយប៉ះពាល់ដល់គោលដៅទេសចរណ៍នៅកម្ពុជា។

ការលើកទឹកចិត្ត និងព្រមានបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្នុងពិធីបើកសម្ពោធហាងលក់គ្រឿងអលង្ការ ច័ន្ទ គឹមទី ស្ថិតនៅតាមបណ្ដោយមហាវិថី ម៉ៅ សេទុង (ខាងលិចស្ដុបបូកគោ) នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។

នាឱកាសបើកសម្ពោធហាងគ្រឿងអលង្ការខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញសុទិដ្ឋិនិយមចំពោះហាងលក់គ្រឿងអលង្ការ ច័ន្ទ គឹមទី ដែលអាចបម្រើឱ្យគ្រប់សេចក្ដីត្រូវការរបស់ភ្ញៀវជាតិ-អន្តរជាតិ និងចូលរួមមលើកស្ទួយវិស័យទេសចរណ៍ជាតិផងដែរ។

ឯកឧត្តមថា ក្នុងចំណោមភ្ញៀវទេសចរសរុបនៅលើពិភពលោក ក៏ដូចជានៅកម្ពុជា មានប្រមាណ ២៥% តែងតែចូលចិត្តទិញគ្រឿងអលង្កា វត្ថុអនុស្សាវរីយ៍ និងគ្រឿងចម្លាក់សិល្បៈផ្សេងទៀត ដោយលោកបានដាស់តឿនឱ្យអាជីវកម្មទាំងឡាយដែលប្រតិបត្តិការលើផ្នែកនេះ ត្រូវពង្រឹងគុណភាពសេវាកម្ម ធានាគុណភាព បដិសណ្ឋារកិច្ច ពិសេសមិនត្រូវបោកប្រាស់ភ្ញៀវជាដាច់ខាត។

ឯកឧត្តមបានបន្តថា នៅពេលមកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា ពិសេសនៅគោលដៅសៀមរាប-អង្គរ ភ្ញៀវទេសចរអឺរ៉ុបចូលចិត្តទិញវត្ថុអនុស្សាវរីយ៍ និងគ្រឿងចម្លាក់របស់ខ្មែរ ចំណែកភ្ញៀវទេសចរអាស៊ី ពិសេសទេសចរចិនចូលចិត្តទិញគ្រឿងអលង្ការ ដូចជា មាស ពេជ្រ ត្បូងមានតម្លៃ និងគ្រឿងអលង្ការដទៃទៀត។ នេះជាសក្ដានុពលមួយដែលកម្ពុជាត្រូវបំពេញតម្រូវការជូនភ្ញៀវទេសចរទាំងនោះ និងត្រូវធានាគុណភាពចំពោះផលិតផលរបស់ខ្លួន ដាច់ខាតមិនត្រូវបោកប្រាស់ភ្ញៀវ ឬកាត់ថ្លៃហួសហេតុខុសពីតម្លៃពិតនោះឡើយ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា ក្រៅពីផ្ដល់នូវតម្រូវការសម្បូរបែបបជូនភ្ញៀវ និងអតិថិជន ម្ចាស់អាជីវកម្មក៏ត្រូវគិតគូរចំពោះបុគ្គលិកលើការផ្ដល់ភាពកក់ក្ដៅ សេវាកម្មល្អ សុវត្ថិភាព និងបដិសណ្ឋារកិច្ចជូនភ្ញៀវ ព្រោះចំណុចនេះក៏ជាចូលរួមការផ្សព្វផ្សាយកិត្តិនាមល្អរបស់កម្ពុជាទៅកាន់ភ្ញៀវទេសចរបរទេស និងអតិថិជនផ្សេងទៀតរបស់ហាងផងដែរ ដែលស្របទៅនឹងយុទ្ធនាការ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្ដល់ភាពកក់ក្ដៅ»។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានលើកឡើងពីការអនុវត្តច្បាប់យ៉ាងតឹងរឹង ចំពោះមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងឡាយដែលលក់ផលិតផល ឬទំនិញអន់គុណភាព ឬក្លែងក្លាយជូនភ្ញៀវ។ លោករដ្ឋមន្ត្រីបានព្រមានថា «ច្បាប់ថ្មីដែលទើបនឹងដាក់ឱ្យអនុវត្តនោះ អាចឈានដល់ការបិទអាជីវកម្មទាំងមូលថែមទៀតផង»។

លោកស្រី ច័ន្ទ គឹមទី ស្ថាបនិកនិងជាម្ចាស់ហាងលក់គ្រឿងអលង្ការនេះ បានឱ្យដឹងថា លោកស្រីធ្លាប់មានប្រវត្តិជាជាងទង ហើយការបើកអាជីវកម្មលក់គ្រឿងអលង្ការនេះ ក៏ដើម្បីចូលរួមលើកស្ទួយកិត្យានុភាពជាតិលើវិស័យគ្រឿងអលង្ការ ក៏ដូចជាចូលរួមលើកស្ទួយដល់វិស័យទេសចរណ៍ជាតិផងដែរ។

លោកស្រីបានប្ដេជ្ញាពីការធានាគុណភាពគ្រឿងអលង្ការ ការផ្ដល់ជូននូវភាពសម្បូរបែប ការយកចិត្តទុកដាក់លើសេវាកម្ម សុវត្ថិភាព និងបដិសណ្ឋារកិច្ចជូនភ្ញៀវ និងអតិថិជនជាដើម ពិសេសហាងគ្រឿងអលង្ការថ្មីនេះ ក៏មានលក់គ្រឿងអលង្ការដែលរចនាតាមសិល្បៈខ្មែរបុរាណផងដែរ៕