សម្ដេចក្រឡាហោម ស ខេង អញ្ជើញផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តអនុក្រឹត្យចំនួន៤ ពាក់ព័ន្ធមុខងារ និងរចនាសម្ពន្ធរដ្ឋបាលសាធារណៈ


(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តនូវ អនុក្រឹត្យ ស្ដីពីមុខងារ និងរចនាសម្ពន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យស្ដីពីការប្រគល់មុខងារគ្រប់គ្រង និងផ្ដល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី-ខេត្ត។

ពិធីផ្សព្វផ្សាយ និងប្រកាសដាក់ឲ្យអនុវត្តនេះ ត្រូវបានរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា តំណាងក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ វិស័យ ឯកជន និងអង្គការសង្គមស៊ីវិល៕