គម្រោងកែច្នៃសំណល់ដែលជាដំណោះស្រាយ នៃការគ្រប់គ្រង​​​សំណល់​​ឧស្សាហកម្មប្រកបដោយនិរន្តរភាពដំបូងគេនៅកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ


គម្រោង ជីប ម៉ុង​ អេកូ​សាយ​ខល (Ecocycle) ដែលជាដំណោះស្រាយនៃការគ្រប់គ្រង​​​សំណល់​​ឧស្សាហកម្មប្រកបដោយនិរន្តរភាពដំបូងគេនៅប្រទេសកម្ពុជារបស់ ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ដែលមានទីតាំងនៅស្រុកបន្ទាយមាស ​ខេត្តកំពត ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០១៩ នេះក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់​ រដ្ឋមន្រ្តី ក្រសួង បរិស្ថាន។ គម្រោង ជីប ម៉ុង​ អេកូ​សាយ​ខល​ ដែលមានបទដ្ឋាន​ខ្ពស់បំពាក់ដោយឧបករណ៍ និងគ្រឿង ម៉ាស៊ីនមកពីប្រទេសអាលឺ្លម៉ង់ និងប្រទេសចិន ដើម្បីជួយកាត់បន្ថយ​ការបញ្ចេញឧស្ម័នកាបូនកាបូនិច ដោយគោរពតាមបទដ្ឋានបរិស្ថានកម្រិតជាតិ និង​អន្តរជាតិ។

លោកឧកញ៉ា លាង ឃុន ម្ចាស់ភាគហ៊ុនធំក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បានគូសបញ្ជាក់ពីគោល​បំណង​​និង​ដំណើរការ​​បង្កើត​​គម្រោង​​ ជីប ម៉ុង​ អេកូសាយខល នៅក្នុង​រោងចក្រ​​ផលិត​ស៊ីម៉ងត៍ ក្រុមហ៊ុន​ជី​ប ម៉ុង អ៊ិនស៊ី ស៊ីមេនថា គម្រោង ជីប ម៉ុង អេកូសាយខល​ ដែល​ផ្តួច​ផ្តើម​បង្កើត​ឡើងនៅដើម​ឆ្នាំ​២០១៩នេះ បាន​ទទួលការគាំទ្រ​​​ពីក្រសួង​បរិស្ថាន​ តាមរយៈលិខិត​អនុញ្ញា​ត​ចុះថ្ងៃទី១១ខែ​មេសាឆ្នាំ​២០១៩ ដែល​អនុញ្ញាត​អោយ​​ ក្រុមហ៊ុន​ ជីប ម៉ុង អ៊ិនស៊ី «ប្រមូល​ ដឹកជញ្ជូន ស្តុកទុក និង ដុត​កំទេច​សំណល់​ឧស្សាហកម្ម»​។ លោកឧកញ៉ា លាង ឃុន បានមានប្រសាសន៍ថា៖ «​យើង​បានចំណាយ​ប្រាក់​វិនិយោគ​អស់​ជាង ​​៤ លានដុល្លារអាមេរិក​លើគម្រោង​នេះ​។​ ក្នុងដំណាក់កាលចាប់ផ្តើម គម្រោងមានបុគ្គលិក​បម្រើ​ការងារ​ផ្ទាល់​ជាង ​១០នាក់ និង អ្នកម៉ៅការបន្ត​ជាង​៥០នាក់ និង​ បន្ត​បង្កើត​ឱកាស​ការងារបន្ថែម​ទៀត​នៅ​ពេលខាងមុខ​។ បច្ចុប្បន្ន​​គម្រោងនេះ​បាន​ធ្វើកិច្ចការផ្ទាល់ជាមួយ​តំបន់ សេដ្ឋកិច្ច​ពិសេស​​ភ្នំពេញ និង​ ខេត្ត​ព្រះសីហនុ​។ ឡ​ អេកូសាយខល មានសមត្ថភាពដុត​​កំទេច​សំណល់​​​​ឧស្សាហកម្ម​ក្នុងបរិមាណ​១០តោន​ក្នុងមួយម៉ោង ឬ ២៤០តោនក្នុង១ថ្ងៃ ឬក៏​ ជាង ៧០០០ តោន​ក្នុង១ខែ»។​

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានសម្តែងនូវការកោតសរសើរនិងវាយតម្លៃ ខ្ពស់ចំពោះក្រុមហ៊ុន ជីប ម៉ុង ដែលបាននាំចូលនូវបច្ចេកវិទ្យាទំនើប ឆ្លើយតបនឹងបទដ្ឋានបរិស្ថាន។ ឯកឧត្តមបានមានប្រសាសន៍ថា ការវិនិយោគរបស់ក្រុមហ៊ុនជីបម៉ុងលើវិស័យថ្មីៗដូចជាគម្រោងធ្វើការកែច្នៃសំណល់នេះ ជាការចូលរួមលើកកម្ពស់បរិស្ថាន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែមទៀតលើបញ្ហាសំរាម និងលើកទឹកចិត្តក្រុមហ៊ុនដទៃទៀតអនុវត្តគោល ការណ៍បរិស្ថានដូចដែលក្រុមហ៊ុន ជីប ម៉ុង បាននិងកំពុងប្រតិបត្តិដែលប្រែក្លាយសំណល់ទៅជាផល ប្រយោជន៍សេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ ក៏បានថ្លែងអំណរគុណ និងកោត សរសើរចំពោះក្រុមហ៊ុន ជីប ម៉ុង ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាក្នុងនោះចូលរួម បង្កើតការងារ និងចូលរួមបណ្តុះបណ្តាលធនធានមនុស្សបុគ្គលិកសម្រាប់បម្រើការងារ នៅក្នុង ក្រុមហ៊ុន។​ នេះគឺជាមោទនកភាពសម្រាប់កម្ពុជាដែលក្រុមហ៊ុនក្នុងស្រុកមានការរីកចម្រើន។

សូមបញ្ជាក់ថា ជីប ម៉ុង អេកូសាយខល ជាគម្រោងថ្មីមួយថិតនៅក្រោមដំបូល របស់ ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ត្រូវបានប្រសូតចេញពីការវិនិយោគទុនរួមគ្នា​ក្នុង​ទឹកប្រាក់ ២៦២ លានដុល្លារអាមេរិក ក្នុងនោះ ​៦០% មកពីក្រុមហ៊ុន ជីប ម៉ុង​ ដែលជាក្រុមហ៊ុនក្នុងស្រុក​ដ៏​ធំមួយ និងមានបទពិសោធន៍ជិត៤០ឆ្នាំ ក្នុងវិស័យ​សំណង់ និង វិស័យចែកចាយលើទីផ្សារ ​និង ៤០% ទៀតមកពីក្រុមហ៊ុនស្យ៉ាម ស៊ីធី ស៊ីមេន (SCCC) នៃ​ព្រះរាជាណាចក្រថៃ ដែលជាក្រុមហ៊ុនដ៏ ធំសម្បើម មានបទពិសោធន៍ជាង៥០ឆ្នាំ ក្នុងការផលិតស៊ីម៉ងត៍។ ​ លោកឧកញ៉ា លាង ឃុន បានថ្លែងថា ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ពិតជា​មាន​មោទនភាពណាស់​ចំពោះគម្រោងកែច្នៃសំណល់របស់ខ្លួន ដែលជាដំណោះស្រាយនៃការគ្រប់គ្រង​​​សំណល់​​ឧស្សាហកម្មប្រកបដោយនិរន្តរភាពដំបូងគេនៅប្រទេសកម្ពុជា​។

គម្រោង ជីប ម៉ុង អេកូសាយខល​ នេះអាចកែច្នៃកាកសំណល់ដែលមានគ្រោះថ្នាក់ និង មិនមានគ្រោះថ្នាក់ ដោយប្រើបច្ចេកវិទ្យាថ្មីមួយដែលគេហៅថា “​ខូ-ប្រូសេសស៊ីង (co-processing)”។ “ខូ ប្រូសេសស៊ីង” គឺជាពាក្យបច្ចេកទេសប្រើសម្រាប់ការកំចាត់កាកសំណល់ ឧស្សាហកម្ម តាមរយៈ ការដុតដោយឡស៊ីម៉ងត៍ ស្របពេលដែលកំពុងដំណើរការផលិតស៊ី​ម៉ងត៍ ដោយមិនប៉ះពាល់ដល់ប្រសិទ្ធភាពណាមួយឡើយ។ បច្ចេកវិទ្យា “ខូ-ប្រូសេសស៊ីង” គោរព​តាម​លក្ខខណ្ឌ​ច្បាប់​ទាំងអស់​ហើយត្រូវបានអនុម័តជាសកល សម្រាប់ ​ការគ្រប់គ្រងកាកសំណល់ឧស្សាហកម្ម។ បច្ចេកវិទ្យានេះត្រូវបានគេមើលឃើញថា ជាជម្រើសល្អប្រសើរ​ជាង​​ការយកកាកសំណល់ទៅចាក់ចោល​និង​ការយកទៅ​ដុតចោលធម្មតា ពីព្រោះវាផ្តល់នូវដំណោះ​ស្រាយពេញលេញ​ដោយមិនបង្កផលប៉ះពាល់ដល់បរិស្ថាន។ បច្ចេកវិទ្យា “ខូ-ប្រូសេសស៊ីង” ​ត្រូវបានប្រើប្រាស់ដោយជោគជ័យនៅសហរដ្ឋអាមេរិក​ សហភាពអឺរ៉ុប និង ជប៉ុន អស់រយៈពេលជាង40ឆ្នាំ។ វាត្រូវបានទទួលស្គាល់ដោយអង្គការអន្តរជាតិជាច្រើន រួមទាំងអង្គការសុខភាពពិភពលោក និង អង្គការ (ជីធីហ្សិត) GTZ ក៏ដូចជាអនុសញ្ញា បាសែល (Basel) និង ស្តុកខុម (Stockholm)។