អាជ្ញាធរជាតិអប្សរាគ្រោងនឹងរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិក្នុងបរិវេណអង្គរវត្ត


អាជ្ញាធរជាតិអប្សរាគ្រោងនឹងរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ ក្នុងបរិវេណប្រាសាទអង្គរវត្តនៅដើមឆ្នាំ២០២០ខាងមុខនេះ ក្នុងគោលបំណងបង្កើនភាពស្រស់ស្អាតនៃវាលស្មៅពណ៌បៃតងទាំងរដូវប្រាំងនិងរដូវវស្សា។ នេះបើយោងតាមការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរជាតិអប្សរា ។

ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលបានដឹកនាំដោយផ្ទាល់ក្នុងការរៀបចំសណ្តាប់ធ្នាប់ ដាំស្មៅ និងដាំដើមឈើនៅក្នុងបរិវេណវត្តអង្គរខាងត្បូង ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ដើម្បីបរិស្ថាន និងភាពបៃតងស្រស់ស្អាតក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានបន្តចុះរៀបចំសណ្តាប់ធ្នាប់ ដាំស្មៅ និងដាំដើមឈើនៅបរិវេណវត្តអង្គរខាងត្បូង និងមានគម្រោងរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ ក្នុងបរិវេណប្រាសាទអង្គរវត្តនៅដើមឆ្នាំ២០២០ខាងមុខនេះ។

ឯកឧត្តម យិត ចាន់ដារដ្ឋ បានឱ្យដឹងទៀតថា ពីមួយជំហានទៅមួយជំហាន អាជ្ញាធរជាតិអប្សរាបានខិតខំធ្វើកិច្ចការជាច្រើន ដើម្បីលើកកម្ពស់សោភណភាព និងបរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរ។ ការចុះរៀបចំដាំស្មៅ និងដាំដើមឈើឡើងវិញនៅជុំវិញបរិវេណវត្តអង្គរខាងត្បូងនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក្នុងការប្ដេជ្ញាចិត្តខ្ពស់លើការរៀបចំបរិស្ថាន ក្នុងរមណីយដ្ឋានអង្គរឱ្យស័ក្ដិសមជាសម្បតិ្តបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិ។ ឯកឧត្តមក៏បានសម្ដែងការអរគុណ និងអារម្មណ៍រីករាយ នៅពេលឃើញអាជីវករដែលលក់ដូរនៅជុំវិញនោះ មានការយល់ដឹងអំពីតម្លៃនៃបរិស្ថាន ហើយបានសហការចូលរួម និងបានសម្រួលដល់ការអនុវត្តការងារនេះ បើទោះជាមានផលប៉ះពាល់ដល់ការលក់ដូររបស់ខ្លួនយ៉ាងណាក្ដី ពោលគឺអ្វីៗទាំងអស់ដើម្បីបង្កើនភាពស្រស់ស្អាតនៅតំបន់ជំវិញអង្គរ ៕