អាជ្ញាធរជាតិអប្សរាប្រជុំផ្ទៃក្នុងអនុវត្តអនុសាសន៍របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ


រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ នៅស្នាក់ការអាជ្ញាធរអប្សរា កិច្ចប្រជុំផ្ទៃក្នុងដើម្បីតាមដានអនុវត្តអនុសាសន៍កិច្ចប្រជុំបច្ចេកទេសលើកទី៣៣ និងពេញអង្គលើកទី២៦ នៃគណ:កម្មាធិការអាយស៊ីស៊ី-អង្គរ ទៅលើគោលដៅការងារនៅតាមការដ្ឋានក្នុងតំបន់អង្គរទាំងផ្នែកអភិរក្ស និងអភិវឌ្ឍន៍។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកសាស្រ្តចារ្យ Azedine Beschaouch អគ្គលេខាធិការវិទ្យាសាស្រ្តអចិន្ត្រៃយ៍នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ឯកឧត្តម លោកជំទាវ និងមន្រ្តីជំនាញគ្រប់នាយកដ្ឋានចំណុះ។

គោលបំណងសំខាន់នៃអង្គប្រជុំ គឺតាមដានរាល់អនុសាសន៍ដែលបានកំណត់ ដើម្បីជំរុញឱ្យការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព។ លើសពីនេះទៀត ក៏បានជជែកវែកញែកអំពីអនុសាសន៍នីមួយៗដើម្បីស្វែងយល់ពីបញ្ហា ភាពខ្វះខាត ចម្ងល់ លទ្ធភាពក្នុងការអនុវត្ត និងដោះស្រាយបញ្ហាប្រឈមនានាដែលបានកើតឡើងនៅតាមការដ្ឋានរួមគ្នា។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើឡើងជាប្រចាំដើម្បីតាមដានរាល់ការអនុវត្តកិច្ចការអភិរក្ស ជួសជុល និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ ជាពិសេសផ្ទៀងផ្ទាត់ភាពសមស្របទាំងលក្ខណៈបច្ចេកទេស ទាំងការអនុវត្តគម្រោង និងទាំងសម្ភារ៕