សម្ដេចក្រឡាហោម ស ខេង អញ្ជើញបិទមហាសន្និបាត សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន អាណត្តិទី៣


(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទមហាសន្និបាត សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ហៅថា សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន នៅសណ្ឋាគារភ្នំពេញ។

ក្នុងពិធីបើកមហាសន្និបាត កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញ សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ បានជ្រើសរើសលោក សយ កុសល បច្ចុប្បន្នជាមាជិកក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ឲ្យបន្តកាន់តំណែងជាប្រធានសម្រាប់ ៥ឆ្នាំបន្តទៀត។

លោក សយ កុសល ត្រូវបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដោយទទួលសន្លឹកឆ្នោតគាំទ្រចំនួន ៣០៣ លើ ៣០៩សម្លេង រួមនឹងអនុប្រធានចំនួន ១២រូបផ្សេងទៀត។ លោក សយ កុសល បានជាប់ប្រធានសម្ព័ន្ធភាពជាតិលើកទី១ នៅឆ្នាំ២០០៦ កាលនោះជាសម្ព័ន្ធភាពជាតិឃុំសង្កាត់ និងលើកទី២ ក្នុងឆ្នាំ២០១៤ ជាប្រធានសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។

គួរជម្រាបថា សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ត្រូវបានបង្កើតឡើង ក្នុងគោលបំណង៖

*លើកកម្ពស់ឋានៈ និងសមត្ថភាពរបស់ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់
*ការពារ និងស្វែងរកការគាំទ្រ ដើម្បីជាប្រយោជន៍ និងភាពស្របច្បាប់ជូនដល់ សមាជិក, លើកកម្ពស់ការចូលរួមអនុវត្តលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ឲ្យមានប្រសិទ្ធភាព មាននិរន្តរភាព មានតម្លាភាព មានគណនេយ្យភាព និងមានភាពជាម្ចាស់
*កសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន រួមចំណែកក្នុងការពង្រឹងនីតិរដ្ឋ និងប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា៕