គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនប្រកាសទាត់ចោលនូវការលើកឡើងរបស់គណនីហ្វេសប៊ុកមួយដែលបានបង្កើតចំណុចបង្គោលព្រំដែនក្លែងក្លាយលេខ៧៨


គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនប្រកាសទាត់ចោលនូវការលើកឡើងរបស់គណនីហ្វេសប៊ុកមួយដែលបានបង្កើតចំណុចបង្គោលព្រំដែនក្លែងក្លាយលេខ៧៨ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន នៅព្រឹកថ្ងៃទី២៧ ខែធ្នូនេះបានចេញសេចក្ដីថ្លែងការណ៍មួយ ដោយប្រកាសទាត់ចោលទាំងស្រុងនូវការលើកឡើងដោយបំភ្លើសតាមរយៈការធ្វើ Comment របស់គណនីហ្វេសប៊ុកឈ្មោះ Sila Chey ដែលបានបង្កើតចំណុចព្រំដែនក្លែងក្លាយលេខ៧៨ នៅលើប្រព័ន្ធអ៊ីនធឺណិត កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ដែលបង្គោលព្រំដែនថ្មីនោះ ខុសគ្នាជាង៥គីឡូម៉ែត្រពីបង្គោលព្រំដែនលេខ៧៨ផ្លូវការ។

ដើម្បីបញ្ចៀសនូវការយល់ច្រឡំ នៅក្នុងសេចក្ដីថ្លែងការណ៍នោះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានបំភ្លឺបន្ថែមនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

បង្គោលព្រំដែនលេខ៧៨ផ្លូវការ គឺជាប្រភេទបង្គោលភ្លោះ រួមមានបង្គោលលេខ៧៨(១) បោះនៅត្រើយខាងលិចទន្លេចាមលើទឹកដីកម្ពុជា ក្នុងភូមិសាស្ត្រ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបង្គោលលេខ៧៨(២) បោះនៅត្រើយខាងកើតទន្លេចាមនៅលើទឹកដីវៀតណាម ក្នុងភូមិសាស្ត្រស្រុកឡុកនីញ ខេត្តប៊ិញភឿក។ ខ្សែព្រំដែននៅតំបន់នេះដើរតាមពាក់កណ្ដាលចាម។ បង្គោលលេខ៧៨ផ្លូវការនេះត្រូវបានបោះតាមផែនទីផ្លូវការដែលប្រទេសទាំងពីរបានអនុម័តទទួលយក។

ការបង្កើតចំណុចព្រំដែនលេខ៧៨ក្លែងក្លាយនៅលើប្រព័ន្ធអ៊ីនធឺណិត Google Map នេះបានធ្វើឡើងបន្ទាប់ពីក្រុមជនអគតិមួយចំនួនដែលមាននិន្នាការប្រឆាំង បានវាយប្រហាររាជរដ្ឋាភិបាលថាបានកាត់ដីឲ្យវៀតណាម ក្រោយពេលដែលកម្ពុជា-វៀតណាម បានចុះហត្ថលេខាលើឯកសារព្រំដែនចំនួន២ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ កន្លងមក រួមមានសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ និងពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

ការពិត ចំណុចព្រំដែនផ្លូវការលេខ៧៨ មិនបានបោះចូលក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជាង៥គីឡូម៉ែត្រ ដូចការ Comment និងរូបភាពបង្ហាញទីតាំងបង្គោលក្លែងក្លាយរបស់គណនីហ្វេសប៊ុក Sila Chey នោះឡើយ។
បន្ថែមលើនេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក៏បានអំពាវនាវអោយសាធារណជនទាំងក្នុង និងក្រៅប្រទេស កុំចាញ់បោកការបង្ហោះបោកប្រាស់របស់ជនអគតិមួយចំនួន ដែលតែងតែបង្កើតព័ត៌មានក្លែងក្លាយ ក្នុងចេតនាទុច្ចរិត។

ខាងក្រោមនេះជាសេចក្ដីថ្លែងការទាំងស្រុងរបស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន៖