អាជីវករដែលលក់ដូរតាមមាត់ផ្លូវ និងតាមបណ្តាផ្លូវសាធារណៈ ក្នុងក្រុងពោធិ៍សាត់ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ពេលទទួលបានទីតាំងលក់ដូរថ្មី (នៅផ្សារភួពុយ)


(ពោធិ៍សាត់)៖ អាជីវករដែលលក់ដូរតាមមាត់ផ្លូវ និងតាមបណ្តាផ្លូវសាធារណៈ ជុំវិញទីប្រជុំជនក្រុងពោធិ៍សាត់ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ពេលទទួលបានទីតាំងលក់ដូរថ្មី (នៅផ្សារភួពុយ) ដែលស្ថិតក្នុងភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខណៈដែលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ គឺជាថ្ងៃចាប់ឲ្យដំណើរការបណ្ណោះអាសន្ន។

ទន្ទឹមនឹងការបង្ហាញអារម្មណ៍សប្បាយរីករាយ បងប្អូនអាជីវករសង្ឃឹមថាការប្រមូលផ្តុំមកលក់ដូរនៅកន្លែងតែមួយ អាចដាច់ជាងការលក់នៅតាមផ្ទះ ឬកន្លែងផ្សេងៗគ្នា និងអាចរកប្រាក់ចំណូលបានប្រសើរជាង។ ជាមួយគ្នានោះ បងប្អូនអាជីវករក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច សូមប្រមូលពួកគាត់ ឲ្យចូលរួមលក់ដូរនៅទីតាំងនេះ ឲ្យបានព្រមៗគ្នា បូករួមទាំងប្រជាកសិករដែលលក់ដូរបន្ថែធម្មជាតិផងដែរ។

សូមបញ្ជាក់ថា ការរៀបចំផ្លាស់ប្តូរទីតាំងថ្មី ពីការលក់ដូរពាសវាលពាសកាល មកលក់ដូរឲ្យមានសណ្តាប់ធ្នាប់នេះ គឺជាការយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងសុខសុវត្ថិភាពរបស់បងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋ ពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកឧកញ៉ា ភួ ពុយ ប្រធានសមាគមស្រូវ និងជាប្រធាសភាពាណិជ្ជកម្ម ខេត្តបាត់ដំបង។ ទីតាំងអភិវឌ្ឍន៍នេះ ត្រូវបានលោកឧកញ៉ា ភួ ពុយ សម្រេចផ្តល់ជូនអាជីវករលក់ដូរដោយឥតគិតថ្លៃ ចន្លោះពី៣ ទៅ៥ឆ្នាំ និងបានរៀបចំជាផ្នែកៗ រួមមានផ្សារបន្លែ ផ្សារសាច់ និងតូបលក់ដូរ…៕