លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអរគុណសន្តិភាព ហើយមានសន្តិភាពគឺបានផ្ដល់ឱកាសសម្រាប់ធ្វើឱ្យប្រជាពលរដ្ឋខ្មែរបានជួបជុំគ្នាសប្បាយរីករាយ និងមានការអភិវឌ្ឍដូចសព្វថៃ្ងនេះ។ ការលើកឡើងរបស់លោកជំទាវនេះ ក្នុងពិធីបើកការដ្ឋានសម្ពោធផ្លូវបេតុងប្រវែង១,១១០ម ចំណាយថវិកាអស់១២៥,៧៩០ដុល្លារ ដែលតភ្ជាប់ពីវិទ្យាល័យ ហ៊ុន សែន សាមគ្គីដូនស ទៅដល់វត្តល្ងើនស្ថិតក្នុងឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃសៅរ៍ ១០កើត ខែបុស្ស ឆ្នាំកុរ ឯកស័កព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្វាយជំ ខេត្ដស្វាយរៀងទាំងមូល។ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសន្តិភាពបច្ចុប្បន្ន ដើម្បីពន្លឿនវឌ្ឍនភាពនៃការអភិវឌ្ឍប្រទេសឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សង្ឃឹមថា ផ្លូវថ្មីនេះនឹងចូលរួមលើកស្ទួយមុខមាត់ស្រុកស្វាយជ្រំ ដែលជាបេះដូងនៃខេត្តស្វាយរៀង។ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់វិស័យឯកជនដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍខេត្តស្វាយរៀង នាពេលនេះ ដែលមានលោកជំទាវឧកញ៉ា យូ លឹម និងលោកឧកញ៉ា សួង ធឿន និងសប្បុរជនជាច្រើននាក់ទៀតរួមគ្នាកសាងផ្លូវ មួយខ្សែនេះ ៕