អាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវអំពីរចនាសម្ព័ន្ធផ្លូវបុរាណពីរាជធានីយសោធរៈ (អង្គរ) ទៅរាជធានីហរិហរាល័យ (រលួស)


(សៀមរាប)៖ ផ្លូវបុរាណម១ខ្សែដែលតភ្ជាប់រាជធានីចំនួន២ នៅសម័យអង្គរ គឺរាជធានីយសោធរៈ (អង្គរ) និងរាជធានីហរិហរាល័យ (រលួស) ស្ថិតនៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានអាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវ ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩។

លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវរចនាសម្ព័ន្ធផ្លូវបុរាណពីតំបន់អង្គរទៅតំបន់រលួស គឺក្នុងគោលបំណងប្រៀបធៀបទៅនឹងរចនាសម្ព័ន្ធនៃផ្លូវបុរាណដទៃទៀត ដែលស្ថិតនៅទីតាំងផ្សេង និងពិចារណា ក្នុងការលើកគម្រោងអភិរក្ស និងអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដើម្បីលើកតម្លៃកំណាត់ផ្លូវបុរាណនេះឡើងវិញឱ្យក្លាយជាបេតិកភណ្ឌរស់។

លោក រដ្ឋា បន្តថា ក្នុងការស្រាវជ្រាវឱ្យបានច្បាស់អំពីរចនាសម្ពន្ធផ្លូវបុរាណ ក្រុមការងារបានចុះសិក្សាសម្រង់ប្លង់ វាស់វែង និងបើករណ្តៅកំណាយចំនួន៥ ដើម្បីដឹងពីបច្ចេកទេស នៃការសាងសង់ផ្លូវរបស់បុព្វបុរសខ្មែរ។ ជាលទ្ធផលស្រាវជ្រាវបង្ហាញថា ផ្លូវបុរាណនេះកសាងឡើងដោយការចាក់បង្ហាប់ដីមានបីស្រទាប់ គឺស្រទាប់ក្រោម ប្រើល្បាយដីខ្សាច់ជាមួយដីឥដ្ឋ ស្រទាប់កណ្តាលប្រើល្បាយកម្ទេចថ្មបាយក្រៀម ដីខ្សាច់ និងដីឥដ្ឋ និងស្រទាប់ខាងលើបង្អស់ជាល្បាយដីឥដ្ឋ លាយជាមួយដីខ្សាច់ ភាគច្រើន។

ផ្លូវនេះមានទំហំសរុបចន្លោះពី៥៦ទៅ៦៦ម៉ែត្រ ដោយចែកជាទ្រូងផ្លូវទំហំ ពី៣០ទៅ៤០ម៉ែត្រ ជើងទេរ ៣ម៉ែត្រសង្ខាង ប្រឡាយទឹកប្រវែងពី៧ទៅ១០ម៉ែត្រសងខាង និងកម្ពស់ផ្លូវពី១.២០ទៅ១.៥០ម៉ែត្រ។ ក្រៅពីលទ្ធផលបានពីកំណាយខាងលើ តាមរយៈការវាស់វែងលើទីតាំងផ្សេងៗគ្នា នៅលើកំណាត់ផ្លូវបុរាណនេះឃើញថា ជាទូទៅ ផ្លូវមានទំហំសរុបចន្លោះពី៧០ ទៅ១០០ម៉ែត្រ គិតទាំងប្រឡាយអមផ្លូវផង ដោយឡែកនៅជិតនឹងគល់ស្ពានតួផ្លួវមានទំហំរួមតូចចន្លោះពី៥៦ទៅ៦៦ម៉ែត្រ។

ក្រៅពីគំហើញនៃការធ្វើផ្លូវនៅតាមបណ្តោយផ្លូវបុរាណនេះក៏មានស្ពានបុរាណចំនួនមួយ បើតាមឯកសារបញ្ជីសារពើភណ្ឌរបស់ក្រសួងវប្បធម៌ និងវិចត្រសិល្បៈ (CISARK) ហៅថា«ស្ពានថ្ម»។ ស្ពាននេះមិនធ្លាប់ធ្វើកំណាយស្រាវជ្រាវ ឬជួសជុលនោះឡើយ មានតែការចុះបញ្ជីដោយលោក ETIENNE AYMONIER ឆ្នាំ១៩០០ លោក LUNE de la JONGERE ឆ្នាំ១៩១១ លោក CHRISTOPH POTTER ឆ្នាំ១៩៩៩ និងចុងក្រោយចុះបញ្ជីដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសាលាបារាំង ចុងបូព៌ា នៅឆ្នាំ១៩៩៥-២០០៧។ ស្ពានថ្មបាយក្រៀមនេះមានប្រវែង២១ម៉ែត្រ ទទឹង៦ម៉ែត្រ រន្ធត្រដេវ (រន្ធបង្ហូរទឹក) ចំនួន៨ និងកម្ពស់២ម៉ែត្រ ស្ថិតក្នុងសភាពទ្រុឌទ្រោមជាខ្លាំង។

លោក សួម សុភា បុគ្គលិកបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ ក៏បានបញ្ជាក់ថា ចំពោះសម័យកាលនៃការសាងសង់ស្ពានគឺមិនដឹងច្បាស់ទេ តែបើយោងតាមព្រឹត្ដិការណ៍ប្រវត្តិសាស្ត្រ ផ្លូវបុរាណមួយខ្សែនេះអាចធ្វើក្នុងសម័យកាល២។

ទី១៖ សម័យព្រះបាទយសោវរ្ម័នទី១ ដែលព្រះអង្គបានគ្រោងរាជ្យនៅឆ្នាំ៨៨៩ ដល់៩១០នៃគ.ស. ព្រះអង្គបានប្តូររាជធានីពីរលួសទៅកសាងរាជធានីថ្មីនៅតំបន់អង្គរ ហៅថា «យសោធរ» ដែលមានភ្នំបាខែងជាចំណុចកណ្តាល។ ក្រោយមកក្នុងឆ្នាំ ៨៩៣ ព្រះអង្គក៏បានត្រឡប់មកកសាងប្រាសាទលលៃ ដើម្បីឧទ្ទិសដល់បុព្វការីជនរបស់ព្រះអង្គ។

ទី២៖ ប្រហែលជាកសាងបន្ថែមទៀតនៅសម័យព្រះបាទជ័យវរ្ម័នទី៧ ដែលព្រះអង្គបានគ្រងរាជ្យនៅឆ្នាំ១១៨១ដល់១២១៨ នៃគ.ស ។ ផ្លូវនិងស្ពានបុរាណមួយនេះ គឺធ្វើឡើងដើម្បីធ្វើដំណើរឆ្លងកាត់សម្រាប់ភ្ជាប់ពីអង្គរទៅរលួស។ ស្ពាននេះជាសំណង់ធារាសាស្ត្រមួយស្ថិតនៅលើផ្លូវបុរាណប្រវែងប្រហែល១២គីឡូម៉ែត្រ ដែលនៅសល់ដល់បច្ចុប្បន្ន។ ស្ពានគឺជាផ្នែកមួយនៃរចនាសម្ព័ន្ធផ្លូវបុរាណនីមួយៗ ដែលតែងតែមានប្រឡាយទឹកអមសងខាងផ្លូវ និងមានទីតាំងទួលមនុស្សរស់នៅ ស្រះទឹក ប្រាសាទ សាលាសំណាក់ មន្ទីរព្យាបាលរោគនៅតាមបណ្តោយផ្លូវ។

ក្រោយពីកំណាយស្រាវជ្រាវឃើញរចនាសម្ពន្ធផ្លូវបុរាណ អាជ្ញាធរជាតិអប្សរានឹងពិចារណាក្នុងការលើកគម្រោងអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយដោយចីរភាព ដើម្បីលើកតម្លៃកំណាត់ផ្លូវបុរាណនេះឡើងវិញឱ្យក្លាយជាបេតិកភណ្ឌរស់។ បន្ថែមពីនោះនឹងបន្តស្រាវជ្រាវកំណាត់ផ្លូវបុរាណដទៃទៀត ដែលស្ថិតនៅក្រៅឧទ្យានអង្គរ ដើម្បីលើកតម្លៃផ្លូវ ស្ពានបុរាណ និងសំណង់បុរាណដែលនៅតាមបណ្តោយផ្លូវឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕