ថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តរតនគិរី ចូលរួមរំលែកទុក្ខគ្រួសារសព ១គ្រួសារ (៣នាក់)ដែលស្លាប់ដោយហេតុការណ៍បាក់រលំអគារនៅខេត្តកែប


រសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះ សពកម្មករ កម្មការនី ១គ្រួសារ ដែលស្លាប់ក្នុងករណីបាក់រលំអគារកម្ពស់៧ជាន់នៅខេត្តកែប កាលពីពេលកន្លងមកថ្មីៗនេះ បានបញ្ជូន មកដល់គេហដ្ឋានស្ថិតនៅភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ដើម្បីរៀបចំពិធីបុណ្យសពទៅតាមប្រពៃណី។

នារសៀលនេះផងដែរ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងអភិបាលរងខេត្ត មន្ត្រីរាជការក្នុងខេត្តបានអញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ដោយបានឧបត្ថម្ភថវិកាចំនួន១២លានរៀលបន្ថែមលើថវិកាដែលទទួលបានពីសម្តេចតេជោ នាយករដ្ឋមន្ត្រី។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឯកឧត្តម ថង សាវុន បានសម្តែងនូវក្តីសោកស្តាយ និងសូមចូលរួមរំលែកនូវសមានទុក្ខជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព បានសោយសុខក្នុងសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។