ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចង់ឱ្យព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោករាល់ឆ្នាំ ក្លាយជាឧបករណ៍បំផុសមហាជនឱ្យចូលរួមអភិរក្សធនធានធម្មជាតិតំបន់ឆ្នេរសមុទ្រកម្ពុជា


(កោះកុង)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមើលឃើញពីសារសំខាន់យ៉ាងច្រើនពីព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកលើកទី១ តាមបណ្ដោយតំបន់ឆ្នេរសមុទ្រកម្ពុជា និងបានបង្ហាញគោលបំណងចង់ឱ្យ ព្រឹត្តិការណ៍កីឡាប្រណាំងកង់នេះ ក្លាយជាឧបករណ៍បំផុសមហាជនទូទៅ ឱ្យចូលរួមអភិរក្សធនធានធម្មជាតិតំបន់ឆ្នេរសមុទ្របៃតងកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។

ការថ្លែងបែបនេះរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ត្រូវបានធ្វើឡើងក្នុងពិធីបើកព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ នារាត្រីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ នៅរមណីយដ្ឋានតារាសាគរ ខេត្តកោះកុង ដែលមានការចូលរួមពីឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង លោក Bruno BODARD អគ្គនាយកក្លឹបឆ្នេរដែលស្អាតជាងគេបំផុតលើសកលលោក លោក Wayne Pomario ប្រធានស្នងការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA)។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ឆ្នាំ២០២០នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅកម្ពុជាដែលមានកីឡាករអាជីពកម្រិតអន្តរជាតិចំនួន ១៦ក្រុម មាន១៣សញ្ជាតិ មកពីតាមបណ្តាប្រទេសនានាក្នុងពិភពលោក រួមមាន៖ កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ប៊្រុយណេ ថៃឡង់ វៀតណាម ឡាវ ហុងកុង បារាំង សិង្ហបុរី ម៉ុងហ្គោលី ហូឡង់ និងអូស្ត្រាលី សរុបទាំងអស់មានចំនួនប្រមាណ ២០០នាក់។ ក្នុងចំណោម១៦ក្រុមខាងលើ មានកីឡាករចំនួន ២ក្រុម ដែលជាជើងឯក និងជើងឯករងប្រចាំអាស៊ីឆ្នាំ២០១៩។ ស្របជាមួយគ្នានេះ ក្រុមស្នងការអន្តរជាតិចំនួន ១៨រូប មកពី៥ប្រទេស ក៏បានចូលរួមគ្រប់គ្រងការប្រកួត និងកាត់សេចក្តី។

ឯកឧត្តមរដ្ឋមន្ត្រី​បានបន្តថា ការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ ក៏បានបង្ហាញឱ្យឃើញពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលជាសមិទ្ធផលនៃសន្តិភាព ការតភ្ជាប់នឹងសមាហរណកម្មពីភូមិមួយទៅភូមិមួយ ពីគោលដៅទេសចរណ៍មួយទៅគោលដៅទេសចរណ៍មួយ និងពីតំបន់ជនបទមកតំបន់ទីក្រុង។

ស្របជាមួយគ្នានេះ ការរៀបចំព្រឹត្តិការណ៍នេះក៏បង្ហាញពីសមត្ថភាពក្នុងការទទួលបដិសណ្ឋារកិច្ចរបស់កម្ពុជាផងដែរ ក្នុងនោះក៏មានការទទួលស្គាល់ និងគាំទ្រពីអន្តរជាតិ ពិសេសក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងសហព័ន្ធកីឡាប្រណាំងកង់ពិភពលោក ព្រមទាំងប្រទេសជាមិត្តដែលបានបញ្ជូនកីឡាករចូលរួមប្រកួត និងសារព័ត៌មាន ដើម្បីមកផ្តិតយកទិដ្ឋភាព ដើម្បីទៅផ្សព្វផ្សាយទៅកាន់ពិភពលោកផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនេះ នឹងក្លាយទៅជាមធ្យោបាយដ៏មានប្រសិទ្ធភាព ប្រជាប្រិយភាព និងភាពទាក់ទាញក្នុងការផ្សព្វផ្សាយពិផលិតផលទេសចរណ៍ និងសក្តានុពលទេសចរណ៍តំបន់ឆ្នេរទៅកាន់ពិភពលោកកាន់តែទូលំទូលាយ ពិសេសនឹងក្លាយជាយន្តការក្នុងការជំរុញដល់ការអភិវឌ្ឍបៃតង និងការលើកស្ទួយវិស័យកីឡាទេសចរណ៍នៅកម្ពុជា ក៏ដូចជាពង្រឹងធនធានមនុស្ស ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានឱ្យដឹងថា ស្ថិតក្នុងបរិការណ៍នៃសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចខ្ពស់ កីឡាទេសចរណ៍គឺជាយុទ្ធសាស្រ្តថ្មីមួយ ដែលរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីឆ្លើយតបទៅនឹងស្ថានភាពវិវត្តនៃទីផ្សារទេសចរណ៍ និងចំណង់ចំណូលចិត្តរបស់ភ្ញៀវទេសចរ។

ដោយសារតែទេសចរណ៍កីឡា គឺជាទីផ្សារមួយដ៏ធំប្រកបដោយសក្តានុពលខ្ពស់ និងកំពុងរីកចម្រើននៅគ្រប់មជ្ឈដ្ឋាន ដូចនេះការរៀបចំព្រឹត្តការណ៍កីឡាប្រណាំងកង់ ពិតជាបានចូលរួមទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យចូលមកទស្សនាតំបន់គោលដៅទេសចរណ៍កាន់តែច្រើនឡើងថែមទៀត ពិសេសនឹងចូលរួមជំរុញការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព និងទស្សនទានកីឡាទេសចរណ៍បៃតង។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ឆ្នាំ២០២០ នាពេលនេះនឹងប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជាជាតំបន់គោលដៅទេសចរណ៍មួយដ៏ទាក់ទាញ និងផ្តល់ជាសារថ្មីមួយដល់អង្គភាពជំនាញគ្រប់វិស័យ និងគ្រប់លំដាប់ថ្នាក់ ដើម្បីគិតគូរពីការអភិវឌ្ឍបៃតង ដោយបញ្ចូលនូវទស្សនទានកីឡាទេសចរណ៍នៅតាមមូលដ្ឋានរៀងៗខ្លួន និងដើម្បីត្រៀមលក្ខណសម្បត្តិចូលរួមគាំទ្រដល់ការរៀបចំជាម្ចាស់ផ្ទះ និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខ៕