អបអរសាទរការប្រារព្ធខួបទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងសហរដ្ឋអាម៉េរិក


ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានចូលរួមអបអរសាទរការប្រារព្ធខួបទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងសហរដ្ឋអាម៉េរិកនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញដែលប្រព្រឹត្ត្តទៅក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងដោយមានការចូលរួមពីឯកឧត្តមរដ្ឋមន្ត្រី រដ្ឋលេខាធិការនៃក្រសួងពាក់ព័ន្ធផ្សេងទៀត។

កម្ពុជា-សហរដ្ឋអាម៉េរិក បានចាប់ផ្តើមមានទំនាក់ទំនងការទូតជាមួយគ្នានៅឆ្នាំ ១៩៥០ ហើយរហូតមកដល់ឆ្នាំ ២០២០នេះមានរយៈពេល ៧០ ឆ្នាំហើយ។ ការប្រារព្ធខួបទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៥០-២០២០) រយៈពេលមួយឆ្នាំរៀបចំដោយស្ថានទូតអាម៉េរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជានេះនឹងអមដោយប្រធានបទផ្សេងៗគ្នាចាប់ផ្តើមពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម បរិស្ថាន សុខាភិបាល អប់រំ ពាណិជ្ជកម្ម ជំនួយមនុស្សធម៌រហូតដល់ការពង្រឹងការអនុវត្តច្បាប់ កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ។